ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ដុតកម្ទេចក្រណាត់ និងបានធ្វើការបំពុលខ្យល់

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់ ដែលល្មើសនឹង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន នាពេលថ្មីៗនេះ។
ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ពុំបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថានផងដែរ។ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះមុខ ដូចជា ៖ ហាមដាច់ខាតដល់ក្រុមហ៊ុន យកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ ទោះក្នុងករណីណាក៏ដោយ។ ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៥៦ និងមាត្រា៦៩៤នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ក្រុមហ៊ុនត្រូវបង់សំណងខូចខាតប៉ះពាល់បរិស្ថាន។ ឡចំហាយត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែងឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធានាយកដ្ឋាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យនិងរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd បានប្រព្រឹត្តផ្ទុយច្បាប់ ដោយនៅក្នុងរោងចក្រ ក្រុមការងារបានរកឃើញសារធាតុ និងករណីបង្កឱ្យមានការបំពុលបរិស្ថានមួយចំនួន។
ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក៏ដូចជាំអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មាន និងរាយការណ៍ករណី មានការបំពុលបរិស្ថានខាងលើ។ ការចូលរួមសាមគ្គីគ្នា ពង្រឹងការអនុវត្តសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត តាមរយៈភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ បានកំពុងចូលរួមចំណែកអនុវត្តការងារគ្រប់គ្រងបរិស្ថាន និងជួយលើកកម្ពស់សុខភាពបរិស្ថាននិងរបស់ប្រជាពលរដ្ឋ ស្រមតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕





