ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ពលរដ្ឋកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រ ឬរូបថតមេដឹកនាំថៃ ណាមួយមកធ្វើមិនគប្បី

ភ្នំពេញ៖ ឆ្លើយតបទៅនឹងសកម្មភាពអសីលធម៍របស់ជនជាតិថៃ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ពលរដ្ឋកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃ ណាមួយមកធ្វើមិនគប្បីឱ្យសោះ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន​ សែន បានបង្ហោះវីដេពីសកម្មភាពអសីលធម៍ របស់ជនជាតិថៃ ដោយភ្ជាប់នូវខ្លឹមសារថា «នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? »។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។

សម្ដេចបន្ថែមថា មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។

សម្ដេចកន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកសម្ដេចដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។

សម្ដេចបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យសម្ដេចបាត់បង់ ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។

សម្ដេចសូមអំពាវនាវ ជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃ ណាមួយមកធ្វើមិនគប្បីឲ្យសោះ។

សម្ដេចបញ្ជាក់ថា «ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់»៕

To Top