ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ បង្ហាញ​សព្វាវុធ​ចុង​ក្រោយ​បំផុត ស្របពេលដែលលោក គីម ជុងអ៊ុន​ ប្តេជ្ញា​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​អាមេរិក

Kyodo

ព្យុងយ៉ាង៖​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជេីង​ បានឧ្យដឹងថា ប្រទេសកូរ៉េខាងជើង​ បានបើកការតាំងពិពណ៌អាវុធទំនេីបចុងក្រោយបំផុតរបស់ខ្លួននៅទីក្រុងព្យុងយ៉ាង ដោយមេដឹកនាំលោក​ គីម ជុងអ៊ុន បានប្តេជ្ញាប្រឆាំងនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ដោយការពង្រឹងការអភិវឌ្ឍយោធា និងបច្ចេកវិទ្យារបស់ខ្លួន។

លោក គីម​ ជុងអ៊ុន​ បានឧ្យដឹងនៅក្នុងពិធីបើកកម្មវិធី Defence Development-2025 កាលពីថ្ងៃសៅរ៍ថា ព្រឹត្តិការណ៍នេះ “បង្ហាញពីលទ្ធផលថ្មីៗនៃគម្រោងសំខាន់ៗ” ដែលប្រទេសនេះបានអនុវត្ត​ ដើម្បីដាក់រចនាសម្ព័ន្ធនៃសមត្ថភាពយោធារបស់ខ្លួនលើ “ជើងទម្រដ៏ទំនើប និងជឿនលឿន” ជាមួយនឹង “ការរារាំងនុយក្លេអ៊ែររបស់ខ្លួនជាឆ្អឹងខ្នង” ។

រូបថតដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ បានបង្ហាញនូវប្រភេទមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ទៅដល់សហរដ្ឋអាមេរិក មីស៊ីលនាំផ្លូវ យន្តហោះគ្មានមនុស្សបើក និងរថពាសដែក ក្នុងចំណោមអាវុធ​ ដែលដាក់តាំង។

មេដឹកនាំកូរ៉េខាងជើង​ បានរិះគន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​ ចំពោះការធ្វើសមយុទ្ធជាច្រើនប្រភេទ ដើម្បី “ប្រតិបត្តិនូវសេណារីយ៉ូដ៏គ្រោះថ្នាក់ យោងទៅតាមអ្វីដែលហៅថា គោលការណ៍ណែនាំប្រតិបត្តិការនុយក្លេអ៊ែរ” ។

ជាការឆ្លើយតបទៅនឹងការបង្កើនអាវុធរបស់យោធាអាមេរិក​ នៅក្នុងប្រទេសកូរ៉េខាងត្បូង “ការព្រួយបារម្ភជាយុទ្ធសាស្រ្តរបស់កូរ៉េខាងជេីង​ អំពីតំបន់នេះក៏បានកើនឡើងផងដែរ​ កូរ៉េខាងជេីង​ បានដាក់ពង្រាយទ្រព្យសម្បត្តិពិសេសរបស់យើងទៅកាន់គោលដៅសំខាន់ៗ​ ដែលទ្រព្យសម្បត្តិ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​  បង្ហាញ​ពី​មីស៊ីល​បាលីស្ទីក​ដែល​មាន​សមត្ថភាព​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

ក្រុង​ព្យុងយ៉ាង​  បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​ឧបករណ៍​ការពារ​ជាតិ​ជា​លើក​ទី​៣​ ជាប់​គ្នា។ ការបង្ហាញចុងក្រោយបង្អស់នេះ ត្រូវបានធ្វើឡើងនៅមុនខួបលើកទី៨០​ នៃគណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចនៅថ្ងៃសុក្រសប្តាហ៍ក្រោយ នៅពេលដែលប្រទេសនេះត្រូវបានគេរំពឹងថា​ នឹងរៀបចំព្យុហយាត្រាយោធាទ្រង់ទ្រាយធំ៕

បរទេស៖ កាលពីថ្ងៃទី៥ ខែតុលា តម្លៃ Bitcoin បានឡើងលើស ១២៥.០០០ ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា Bitcoin ត្រូវបានជួញដូរក្រោម ១១០.០០០ ដុល្លារ ក្នុងរយៈពេលពីរខែកន្លងមកនេះ។ ទោះយ៉ាងណាក៏ដោយ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក Bitcoin នេះ បានឃើញការកើនឡើងនៅក្នុងសប្តាហ៍នេះ។

ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា តម្លៃរបស់ Bitcoin បានកើនឡើងជាង ១០.០០០ដុល្លារ ។ កាលពីថ្ងៃទី៤ Bitcoin មានការកើនឡើងដ៏ធំមួយនៅពេលដែលវាបានបញ្ចប់វគ្គជួញដូរនៅជុំវិញ ១២១.០០០$ ទៅ ១២២.០០០ដុល្លារ ។

រូបិយប័ណ្ណឌីជីថលនេះបានបន្តកើនឡើងជិត 2.75% ដល់ ១២៥.២៤៥ដុល្លារ នៅម៉ោង 12:12នាទីរសៀល, នេះបើយោងតាម ​​Reuters ។ នេះគឺជាតម្លៃខ្ពស់បំផុតដែល Bitcoin មិនធ្លាប់មាន។

ពីមុនតម្លៃខ្ពស់បំផុតនៃរូបិយប័ណ្ណឌីជីថលនេះត្រូវបានកត់ត្រានៅ ១២៤.៤៨០ ដុល្លារនៅពាក់កណ្តាលខែសីហា។ ការកើនឡើងនេះត្រូវបានជំរុញដោយបទប្បញ្ញត្តិបើកចំហកាន់តែច្រើនពីរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ក៏ដូចជាតម្រូវការខ្លាំងពីវិនិយោគិនស្ថាប័ន។

នៅម៉ោងរសៀលថ្ងៃទី៥តុលា តម្លៃរបស់ Bitcoin បានធ្លាក់ចុះបន្តិចមកត្រឹម ១២៤.៧០០ ដុល្លារ។ មូលធនប័ត្រទីផ្សារសរុបនៃរូបិយប័ណ្ណនេះឈានដល់ប្រហែល ២.៤៨៥ ពាន់លានដុល្លារ. នេះបើយោងតាម ​​​​Coinmarketcap ។ តួលេខ​នេះ​បាន​កើន​លើស​មូលធននីយកម្ម​នៃ​សហគ្រាស​ធំៗ​ដូចជា Amazon ឬ Meta ជា​ក្រុមហ៊ុន​មេ​របស់ Facebook ទៅទៀត៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top