ឃ្លាំងនិងសម្ភារ:ផលិតគ្រឿងញៀនខេត្តស្វាយរៀង ត្រូវភ្លើងឆេះ បន្ទាប់ពីស្ថាប័នតុលាការ អោយក្រុមជាងចូលរុះរើមិនប្រយ័ត្នធ្លាក់ទឹកអន្សារឆេះ

ខេត្តស្វាយរៀង ៖ អគ្គិភ័យមួយបានលេបត្របាក់ឃ្លាំង និងសម្ភារៈផលិតគ្រឿងញៀនមួយកន្លែង ដែលសមត្ថកិច្ចបានបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនយកទៅផ្តន្ទាទោសកន្លងមក ក៏ប៉ុន្តែបានបន្សល់ទុកនូវឃ្លាំងនិងសម្ភារៈឧបករណ៍ផលិតគ្រឿងញៀនដែលរក្សាទុកនៅក្នុងឃ្លាំង ។

រហូតមកដល់ខែតុលា ឆ្នាំ២០២៥នេះ ស្ថាប័នតុលាការឲ្យក្រុមជាងចូលរុះរើសម្ភារៈផលិត ដោយកាត់ផ្សារឧបករណ៍ អេឡិចត្រូនិក ស្រាប់តែខ្ទាតកម្ទេចភ្លើងបង្កឱ្យឆាបឆេះតែម្តង គឺស្នាដៃជាងផ្សារ
ដែក ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះឃ្លាំងនិងសម្ភារៈផលិតគ្រឿងញៀននេះ បានកើតឡើងនៅវេលាម៉ោង៤និង៥៨នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

សូមរំលឹកផងដែរ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង៨និង៣០នាទីព្រឹក សមត្ថកិច្ចបានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀន១កន្លែងនេះ នៅចំណុចផ្លូវបេតុង (ផែអូរស្មាច់) ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ជាជនជាតិចិន១០នាក់ ខ្មែរ១នាក់ ហើយបានរឹបអូសវត្ថុតាងរួមមាន ល្បាយកេតាមីនបាស ទម្ងន់ ៦៧៩គីឡូក្រាម សារធាតុគីមីទម្ងន់ ១២តោន ៥០៤គីឡូក្រាម និងឧបករណ៍សម្ភារៈសម្រាប់បម្រើឱ្យការលួចលាក់កែច្នៃគ្រឿងញៀនមួយចំនួនទៀត ៕



