ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់បាក់ឌុបឆ្នាំ២០២៥ នៅស្រុកតំបែរ

ត្បូងឃ្មុំ៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្នុងស្រុកតំបែរ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វិស័យអប់រំជាវិស័យអាទិភាព និងបានចាត់ទុកសិស្សានុសិស្សជាទំពាំងស្នងឫស្សីដ៏មានគុណភាព ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានកោតសរសើរដល់ការខិតខំរបស់សិស្ស អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ ដែលនាំឱ្យទទួលបានលទ្ធផលល្អ “អ្នកចេះគឺជាប់”។

លោកបានធ្វើការផ្តាំផ្ញើឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ គោរពច្បាប់ចរាចរណ៍ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ សម្រាប់អ្នកដែលបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឯកឧត្តមបានជំរុញឱ្យពួកគេផ្លាស់ប្តូរឥរិយាបថសិក្សា ដោយត្រូវបន្តសិក្សាភាសាជាតិ បរទេស ស្រាវជ្រាវតាមប្រព័ន្ធព័ត៌មានវិទ្យា និងរៀនទ្រឹស្តីគួបផ្សំនឹងការអនុវត្តជាក់ស្តែង ជាពិសេសការអប់រំ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។

នាឱកាសនោះដែរ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក៏បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដល់សិស្សទាំង៦វិទ្យាល័យនៅស្រុកតំបែរ ដែលមានសិស្សជាប់សរុប ៥០៣នាក់ (និទ្ទេស A ៨នាក់, B ៤៤នាក់, C ១៦៦នាក់, D ២៦១នាក់, E ១២៤នាក់) រួមទាំងប្រធានការិយាល័យអប់រំ លោកនាយក/នាយករងសាលា និងសិស្សប្រឡងមិនជាប់ចំនួន ៥៩នាក់ផងដែរ៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top