អ៊ុយក្រែន វាយប្រហារតាមអាកាស បណ្តាលឱ្យដាច់ភ្លើងនៅតំបន់ Belgorod ភាគខាងលិចនៃប្រទេសរុស្ស៊ី

បរទេស៖ យោងតាមអភិបាលខេត្ត Vyacheslav Gladkov ក្នុងប្រទេសរុស្ស៊ី បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ុយក្រែនបានបណ្តាលឱ្យមានការដាច់ភ្លើងដ៏ធំនៅក្នុងតំបន់ Belgorod ភាគខាងលិចនៃប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា អភិបាលតំបន់បានសរសេរនៅលើ Telegram ថា អ្នកស្រុកជិត 40,000 នាក់ គ្មានភ្លើងអគ្គិសនីប្រើប្រាស់គិតត្រឹមល្ងាចថ្ងៃអាទិត្យ ខណៈដែលមន្ទីរពេទ្យបានប្តូរទៅប្រើម៉ាស៊ីនភ្លើង។
លោកបាននិយាយមុននេះថា យ៉ាងហោចណាស់មនុស្សបីនាក់ រួមទាំងក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ចំណែកភាគីមន្ត្រីអ៊ុយក្រែនបានរាយការណ៍ពីការដាច់ភ្លើងនៅក្នុងទីក្រុង Lviv ជិតព្រំដែនជាមួយប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យ ហើយបាននិយាយថាជនស៊ីវិល ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ខ្លួនបានកំណត់គោលដៅលើរោងចក្រផលិតសព្វាវុធ និង “ហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលគាំទ្រដល់ប្រតិបត្តិការរបស់ពួកគេ”។ ទីក្រុងម៉ូស្គូបានអះអាងថា កម្លាំងរបស់ខ្លួនមិនសំដៅលើជនស៊ីវិលនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
