ក្រុងមូស្គូ៖ ប្រទេសប៉ូឡូញមិនខ្វាយខ្វល់ឡើយចំពោះសន្តិសុខរបស់អឺរ៉ុប

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការសម្រេចចិត្តរបស់ប៉ូឡូញ ក្នុងការរារាំងគណៈប្រតិភូរបស់ទីក្រុងមូស្គូ ពីការចូលរួមក្នុងសន្និសិទមួយដោយអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) បង្ហាញឱ្យឃើញថា ទីក្រុងWarsaw មិនបានអារម្មណ៍លើសន្តិសុខ ឬកិច្ចសហប្រតិបត្តិការលើទ្វីបនោះទេ។
វិទ្យាស្ថានកិច្ចការងារច្បាប់បោះឆ្នោតសាធារណៈរុស្ស៊ី ឬហៅកាត់ថាROIIP បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសប៉ូឡូញបានលុបចោលទិដ្ឋាការរបស់អ្នកជំនាញរបស់ខ្លួន ដែលត្រូវបានអញ្ជើញដោយ OSCE ឱ្យចូលរួមក្នុងសន្និសិទវិមាត្រមនុស្សនៅWarsaw នៅមុនព្រឹត្តិការណ៍នេះ។ អាជ្ញាធរប៉ូឡូញមិនបានផ្តល់ការពន្យល់ណាមួយសម្រាប់ការសម្រេចចិត្តនេះទេ។
លោកស្រីZakharova បានប្រតិកម្មទៅនឹងការមិនពេញចិត្តកាលពីថ្ងៃចន្ទដោយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ថា៖អាជ្ញាធរនៅទីក្រុងWarsawបានចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញជាច្រើនក្នុងគោលបំណងធ្វើឱ្យខូចដល់និងបំផ្លាញខ្លឹមសារនៃ OSCE។
គួរឲ្យដឹងដែរថា OSCE ត្រូវបានបង្កើតឡើងជាង៥ទសវត្សរ៍មុន ដើម្បីលើកកម្ពស់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅលើទ្វីបអឺរ៉ុប ប៉ុន្តែវាហាក់ដូចជារដ្ឋាភិបាលប៉ូឡូញមិនអាចទទួលយកគោលដៅបែបនេះបានទៀតទេ៕
ប្រែសម្រួល៖ ស៊ុនលី
