ព័ត៌មានជាតិ

ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៤.៨ ភាគរយ នៅឆ្នាំ២០២៥

ភ្នំពេញ ៖ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២៥ របស់ធនាគារពិភពលោក បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ចំនួន ៤.៨ភាគរយ នៅក្នុងឆ្នាំ២០២៥នេះ ដែលមានកំណើនដូចគ្នា ជាមួយប្រទេសចិន និងប្រទេសឥណ្ឌូនេស៊ី។

យោងតាមរបាយការណ៍ របស់ធនាគារពិភពលោក នៅថ្ងៃទី៧ តុលានេះ ថាតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែបន្តមានកំណើនល្អជាងគេបំផុតនៅលើ ពិភពលោក ប៉ុន្តែដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើន និងរក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តំបន់នេះចាំបាច់ ត្រូវធ្វើកំណែទម្រង់ប្រកបដោយមហិច្ឆតា ទន្ទឹមគ្នានឹងការប្រឹងជម្នះភាពមិនច្បាស់លាស់ច្រើនយ៉ាងនៅលើសកលលោក។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២៥ របស់ធនាគារពិភពលោក ព្យាករថា «កំណើន ក្នុងតំបន់នឹងមាន ៤.៨ ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះបន្តិចពី ៥,០ ភាគរយក្នុងឆ្នាំ២០២៤។ វៀតណាមនាំមុខគេដោយមាន កំណើន ៦,៦ ភាគរយ បន្ទាប់មកប្រទេសម៉ុងហ្គោលី (៥,៩ ភាគរយ) និងហ្វីលីពីន (៥.៣ ភាគរយ)។ ចិន កម្ពុជា និងឥណ្ឌូ នេស៊ី ត្រូវបានព្យាករថានឹងមានកំណើន ៤,៨ ភាគរយ ខណៈដែលបណ្តាប្រទេសកោះប៉ាស៊ីហ្វិកត្រូវបានព្យាករថានឹងមាន កំណើន ២,៧ ភាគរយ និងថៃ ២,០ ភាគរយ»។

លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា «តំបន់នេះកំពុងមានស្ថានភាពបញ្ច្រាសគ្នាមួយពាក់ព័ន្ធនឹងការងារ – សេដ្ឋកិច្ចមានកំណើនរឹងមាំគួរសម ប៉ុន្តែបែរជាបង្កើតការ ងារដែលមានគុណភាពមិនបានគ្រប់គ្រាន់ទៅវិញ»។

លោកបន្តថា កំណែទម្រង់មោះមុតជាងមុនដើម្បីលុបបំបាត់ឧបសគ្គ ដល់ការចូលរួម និងការប្រកួតប្រជែងរបស់ក្រុមហ៊ុន នឹងជំរុញឱ្យមានរំហូរដើមទុនឯកជនកាន់តែច្រើន និងបង្កអំណោយផល ដល់ក្រុមហ៊ុនដែលមានសក្តានុពលបង្កើនផលិតភាព ឱ្យកាន់តែមានភាពរីកចម្រើន និងបង្កើតឱកាសការងារថ្មីៗ ថែមទៀត។ ធនាគារពិភពលោកនៅតែបន្តធ្វើជាដៃគូដ៏រឹងមាំ នៅក្នុងការប្តេជ្ញាចិត្តរបស់តំបន់ ចំពោះការអភិវឌ្ឍប្រកបដោយបរិយាបន្ន ឆ្លើយ តបទៅនឹងមហិច្ឆតារបស់ប្រជាជនដែលចង់បាន៕

To Top