ដែនជម្រកសត្វព្រៃកែវសីមា រឹបអូសឈើ១៨ដុំ ដែលអារលាក់ទុកក្នុងព្រៃក្រោយភូមិ

មណ្ឌលគិរី៖ ឈើប្រភេទស្រឡៅចំនួន១៨ដុំ ស្មើនឹង២,២៣៤ម៉ែត្រត្រីគុណ ត្រូវជំនាញនៃដែនជម្រកសត្វព្រៃកែវសីមារឹបអូស បន្ទាប់ពីត្រូវគេប្រទះឃើញ និងរាយការណ៍ទៅមន្ត្រីដែនជម្រកនៅព្រឹកថ្ងៃទី៧ តុលា ឆ្នាំ២០២៥។

លោក ព្រំ វិបុលរតនៈ នាយកដែនជម្រកសត្វព្រៃកែវសីមា នៅល្ងាចថ្ងៃដដែលនេះ បានអោយដឹងថានៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងស្នាក់ការរងអូររាំង បានសហការជាមួយកំលាំងគណៈ បញ្ជាការឯកភាពស្រុកអូររាំង ដឹកនាំដោយលោក ឃុន អូន អភិបាលរងស្រុក បានធ្វើការចុះបង្រ្កាបបទល្មើសធនធានធម្មជាតិនៅត្រង់ចំណុច ផ្លូវខ្ទមអ្នកតា និយាមកា ៧២៩៧៩៣- ១៣៦១៨០៧ ស្ថិតនៅភូមិហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី បានប្រទះឃើញឈើអារប្រភេទលេខ១ ស្រឡៅ ១៨ ដុំ ស្មើនិង ២,២៣៤ (ពីរម៉ែត្រត្រីគុណពីររយសាមសិបបួន) ដែលជនមិនស្គាល់អត្តសញ្ញាណយកលាក់ទុកចោលក្នុងព្រៃ ក្រុមការងារបានត្រួតពិនិត្យនៅបរិវេណជុំវិញទីតាំងនោះពុំឃើញមានជនសង្ស័យណាម្នាក់ឡើយ។

បន្ទាប់មកកម្លាំងស្នាក់ការបានរកមធ្យោយបាយដឹកជញ្ជូនវត្ថុតាងជាឈើខាងលើយកមករក្សាទុកនៅស្នាក់ការរងអូររាំង ដើម្បីចាត់ការទៅតាមនីតិវីធីច្បាប់ និងបន្តស្រាវជ្រាវសើបអង្កេតរកជនដែលប្រព្រឹត្ត មកអនុវត្តន៍ទៅតាមនិតិវិធីច្បាប់ស្ដីពីក្រមបរិស្ថាន៕






ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
