ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវបងប្អូនពលករមិនទាន់មានការងារធ្វើ សូមចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃដែលមិនទាន់មានការងារធ្វើ សូមចូលរួមក្នុងពិព័រណ៍ការងារតាមបណ្ដាខេត្តធំៗចំនួន៥ ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ខណៈបច្ចុប្បន្ននៅសល់ឱកាសការងាររាប់ម៉ឺនកន្លែងថែមទៀត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៧ ខែតុលានេះថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមាន ការងារស្ថិតក្នុងវិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម។

ក្រៅពីទទួលបានឱកាសការងារភ្លាមៗហើយនោះ បងប្អូនពលករក៏នឹងមានឱកាសនៅក្នុងការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់៤៥ជំនាញ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលបងប្អូនចូលធ្វើការងារ ដែលរួមមាន អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន។

លោកបានបន្ថែមថា ពិព័រណ៍នេះ បានរៀបចំរួចមកហើយ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ដោយមានបងប្អូនពលករជាច្រើននាក់ បានទទួលឱកាសការងារធ្វើ។ ចំណែកនៅចុងសប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងបន្តរៀបចំនៅខេត្តបន្ទាយមានជ័យ ហើយនៅខេត្តសៀមរាប នឹងរៀបចំចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា រីឯនៅខេត្តព្រៃវែង និងខេត្តកំពង់ធំ នឹងរៀបចំចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។

អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទៅចូលរួមពិព័រណ៍នេះឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ជាច្រើន។ លោក ស៊ុន មេសា ថា នៅក្នុងពិព័រណ៍នេះ បងប្អូនពលករអាចដាក់ពាក្យ និងអាចសម្ភាសការងារភ្លាមៗ ដោយមិនចាំបាច់រង់ចាំឡើយ ហើយប្រសិនបើបងប្អូនមិនបានចូលរួមទេ អាចទាក់ទង Hotline ១២៩៧ ឬអាចទាក់ទងតាមបណ្ដាញសង្គមឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ, បណ្ដាញសង្គមក្រសួងការងារ និងបណ្ដាញសង្គមអ្នកនាំពាក្យក្រសួងការងារ៕

To Top