រដ្ឋមន្ដ្រីបរិស្ថាន ៖ ពិធីចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញ ជាមួយ JICA ឆ្ពោះទៅសេដ្ឋកិច្ចចក្រា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោងសំខាន់មួយស្តីពី «ការអនុវត្តគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ» ជាមួយលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ដែលបានបន្តផ្តល់ជំនួយឥតសំណង ទាំងរថយន្តដឹកសំរាម ថវិកា និងជំនួយបច្ចេកទេស ដើម្បីរួមចំណែកអនុវត្ត “ភាពស្អាត” នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានចាត់ទុកកិច្ចសហការនេះជា “ជំហានថ្មីមួយទៀត” ដែលមានប្រសិទ្ធភាពនៃការរៀបចំ និងដាក់ចេញការអនុវត្តផែនការមេ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា (Circular Economy)។

អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការនេះ តាមរយៈការផ្តល់ជំនួយបច្ចេកទេសបន្ថែម ជាពិសេសលើការ កសាងសមត្ថភាពក្នុងការរៀបចំទីលានទុកដាក់សំរាម ស្របតាមគម្រោងផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ដែលមានរយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២៦៕


