ព្រះរាជដំណាក់របស់ព្រះមហាវិរៈក្សត្រនៅមណ្ឌលគិរី ទទួលបានប្លង់រឹងស្របច្បាប់

មណ្ឌលគិរី៖ អតីតព្រះរាជដំណាក់របស់ព្រះមហាវិរៈក្សត្រ ព្រះបាទនរោត្តមសីហនុ ដែលសេសសល់មកតាំងពីជំនាន់បង្កើតខេត្តមណ្ឌលគិរីដំបូងនោះ ពេលនេះត្រូវបានក្រសួងនិងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តមណ្ឌលគិរី រៀបចំនិងចេញវិញ្ញាបនបត្ររួចរាល់នាដើមខែតុលាឆ្នាំ២០២៥នេះ។

ព្រះរាជទ្រព្យនេះមានទំហំ៥២,០៧៨ម៉ែត្រការ៉េ ស្ថិតនៅជិតទឹកជ្រោះដំណាក់ស្តេច ក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ និងប្រគល់ទៅក្រសួងព្រះបរមរាជវាំង កាលពីសប្តាហ៍ដំបូងខែតុលា ឆ្នាំ២០២៥។

លោក លឹម ចាន់សូភី ប្រធានមន្ទីរដែនដីបានឲ្យដឹងថា ដីនេះជាប្រភេទព្រះរាជទ្រព្យតែមួយគត់នៅក្នុងខេត្តមណ្ឌលគិរី ដែលមានតម្លៃប្រវត្តិសាស្ត្រខ្ពស់ ដោយសារត្រូវបានប្រើជាព្រះរាជដំណាក់របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ក្នុងអំឡុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) សម្រាប់សម្រាក និងត្រួតពិនិត្យការងាររដ្ឋបាលនានា នៅខេត្តមណ្ឌលគិរីដែលទើបបង្កើតក្នុងឆ្នាំ១៩៦១។

លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត និងអ្នកនាំពាក្យសាលាខេត្តបានបញ្ជាក់ថា ខណៈពេលនេះ រដ្ឋបាលខេត្តមិនទាន់ទទួលបានព័ត៌មានច្បាស់ពីផែនការអភិវឌ្ឍដីនោះនោះទេ។

ការចុះបញ្ជីដីជាទ្រព្យសម្បត្តិព្រះបរមរាជវាំង គ្រាន់តែជាជំហានដំបូង តាមការសម្រេចរបស់ក្រសួងពាក់ព័ន្ធ។
ឯកសារមួយដែលដើមអម្ពិលទទួលបាន និងប្រភពរដ្ឋបាលខេត្ត បានបញ្ជាក់ថា ព្រះរាជដំណាក់នេះ មានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រខេត្ត និងជាសាក្សីបញ្ជាក់ពីស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ ក្នុងការបង្កើត និងអភិវឌ្ឍន៍តំបន់ជនបទឆ្ងាយនេះ។
បច្ចុប្បន្ន អគារដើម នៅតែសល់តែគ្រឹះ ដោយសារការខ្វះការថែទាំ និងការរំលោភដោយធម្មជាតិ។ ទោះយ៉ាងណា តំបន់នេះត្រូវបានពិចារណាថាជាប្រភពទិន្នន័យប្រវត្តិសាស្ត្រមួយ ដែលអាចអភិវឌ្ឍជាគោលដៅទេសចរណ៍ ឬសិក្សាពង្រឹងអត្តសញ្ញាណជាតិ៕
ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
