អ្នកផលិតមាតិកា និងInfluencerល្បីៗ មកពីបរទេសរស់នៅកម្ពុជា ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ អំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា

ភ្នំពេញ៖ អ្នកផលិតមាតិកា និងជាInfluencer ល្បីៗ មកពីអាម៉េរិក បារាំង អង់គ្លេស ចិន ហ្គាណា និងនីហ្សេរីយ៉ា ដែលបានស្រលាញ់ និងសម្រេចចិត្តរស់នៅកម្ពុជារហូត ប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក ។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកា និងជា Influencer បរទេសល្បីៗ នៅប្រទេសកម្ពុជា ដឹកនាំដោយលោក Jesse McCaul ចូលជួបសម្តែងការគួរសម ដើម្បីស្នើសុំអនុសាសន៍ដឹកនាំបន្ត ពីលើការផលិតមាតិកា ព្រមទាំងសំណើកិច្ចសហប្រតិបត្តិការ ជួយផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍ នាទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនោះ លោក ហួត ហាក់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សកម្មលើការផលិត និងចែករំលែកមាតិកាល្អៗ ពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាកន្លងមក ដល់ប្រជាជននៅប្រទេសកំណើតរបស់ខ្លួន និងប្រជាជនពិភពលោកទាំងមូល ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានស្នើដល់អ្នកផលិតមាតិកា និងជា Influencer ដែលមកពីប្រទេសផ្សេងៗ គ្នាតែមានចិត្តរួមគ្នាស្រលាញ់រស់នៅ លើទឹកដីកម្ពុជាទាំងអស់ យកចិត្តទុកដាក់ផលិតឱ្យបានល្អ នូវមាតិកាអំពីប្រទេសកម្ពុជា ព្រមទាំង ពីសភាពការណ៍ពីតពីនយោបាយ សន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការធានាសុខសុវត្ថិភាព ភ្ញៀវទេសចររបស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដល់ Followers រាប់លាននាក់របស់ខ្លួន ដែលនៅគ្រប់ទិសទីនៃពិភពលោក។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្ត្រី ក៏បានសន្យារៀបចំលិខិតថ្លែងអំណរគុណ នឹងផ្តល់ជូនអ្នកផលិតមាតិកា និងជា Influencers ទាំងនេះ សម្រាប់ការដឹងគុណពីការចូលរួមចំណែកដ៏សំខាន់ និងវិជ្ជមានពីប្រទេសកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា រហូតមកដល់ពិភពលោក តាមរយៈការផ្សព្វផ្សាយដល់ Followers រាប់លាននាក់ពីគ្រប់ទិសទីនៃពិភពលោក៕
ដោយ៖ ដារាត់| ដើមអម្ពិល











