សម្តេចធិបតី ស្វាគមន៍ដំណើរទស្សនកិច្ចការងារ របស់នាយករដ្ឋមន្រ្តីកុំមិនវែលដូមីនីក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ ដំណើរទស្សនកិច្ចការងាររបស់ លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្រ្តី នៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ។
លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ដោយដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថាដើម្បីពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរបន្ថែមទៀត។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ផងដែរ។
នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជា សាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ៕
ដោយ៖ ដារាត់| ដើមអម្ពិល


