ក្រសួងអប់រំ មានគម្រោងសាងសង់អគាររឹងមាំ ដើម្បីពង្រឹងការអភិវឌ្ឍសាលារៀន នៅតាមព្រំដែន

ឧត្តរមានជ័យ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួង មានគម្រោងសាងសង់អគាររឹងមាំ ដើម្បីពង្រឹងការអភិវឌ្ឍសាលារៀន នៅតាមតំបន់ព្រំដែនឱ្យកាន់តែល្អប្រសើរ។
ក្នុងពិធីប្រគល់និងទទួលអំណោយជានិមិត្តរូបនូវអគារសិក្សា ១ខ្នង ៦បន្ទប់ ព្រមទាំងសម្ភារសិក្សា ពីក្រុមហ៊ុន Danone សម្រាប់សាលារៀនរងផលប៉ះពាល់ នៅខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា ចាប់តាំងពីកើតមានការប៉ះទង្គិចនៅព្រំដែនមក ក្រសួងអប់រំ យុវជន និងកីឡា បានចុះទៅពិនិត្យទីតាំងសាលារៀនទាំង៧ ដែលរងខូចខាតក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ដោយបានជួបជាមួយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងបន្តតាមដានស្ថានភាពសាលារៀនយ៉ាងយកចិត្តទុកដាក់ ព្រមទាំងជួយគាំទ្រ លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា តាមរយៈការបន្តគាំទ្រជាសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ការរស់នៅទីទួលសុវត្ថិភាព និងសម្ភារជំនួយដល់ការរៀននិងបង្រៀន។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ អភិបាលខេត្ត អាជ្ញាធរខេត្ត មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូទាំងអស់ នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលនៅបន្តបង្រៀនគ្រប់កាលៈទេសៈ និងបានខិតខំប្រឹងប្រែងជួយសម្របសម្រួល ជន្លាស និងការពារប្រជាជន ធានាបាននូវសុខសុវត្ថិភាព ជាពិសេសជួយគាំទ្រសម្រួលដល់ជីវភាពប្រជាជនក្នុងគ្រាដ៏លំបាកនេះ។
ពាក់ព័ន្ធនឹងការបើកបវេសនកាល នាដើមខែវិច្ឆិកា ខាងមុខនេះ ក្រសួងបានរៀបចំផែនការរួចជាស្រេច ដោយទីមួយ គឺជម្រើសសាងសង់អគារបណ្ដោះអាសន្នដើម្បីឱ្យសិស្សអាចចូលរៀនបានភ្លាមៗ។ ទន្ទឹមនឹងនោះ ក្រសួង ក៏មានគម្រោងសាងសង់អគាររឹងមាំដើម្បីពង្រឹងការអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យកាន់តែល្អប្រសើរ ដោយគូសបញ្ជាក់ថា «ការអប់រំប្រកបដោយគុណភាព មានសារៈសំខាន់ខ្លាំងណាស់ក្នុងបុព្វហេតុអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ»៕



