ប្រមុខក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនសមត្ថភាព និងបោះដៃសហការជាសកល ដើម្បីប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្អាតប្រាក់

ភ្នំពេញ ៖ ការផ្អែកលើចំណេះដឹងមូលដ្ឋានដែលមានស្រាប់ និងការរុញបញ្ហាដោយដាក់បន្ទុកតែទៅលើភាគី ឬប្រទេសណាមួយ ត្រូវបាន លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកថា ជាកត្តានាំឱ្យការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអំពើលាងសម្អាតប្រាក់ មិនមានប្រសិទ្ធភាព។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធក្នុងការបង្ក្រាបបទល្មើសឆបោក និងសម្អាតប្រាក់ រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរបទពិសោធជាទៀងទាត់ និងការបង្កើនសមត្ថភាពមន្ត្រីជំនាញឱ្យទាន់និន្នាការនៃបទល្មើសជាប្រចាំ គឺជារឿងចាំបាច់បំផុត។
ចាត់ទុកជារឿងចាំបាច់ ក៏ព្រោះតែប្រមុខក្រសួងមហាផ្ទៃ កម្ពុជា មើលឃើញពីការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលបាននិងកំពុងផ្សារភ្ជាប់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចគ្នានឹងមនុស្សជាតិទូទាំងពិភពលោក។ បើតាម លោក ឧបនាយករដ្ឋមន្ត្រី ក្នុងបរិបទនេះ ជនខិលខូចមានលទ្ធភាពប្រព្រឹត្តអំពើឆបោក លួចបន្លំ តាមគ្រប់វិធីសាស្ត្រ ដោយប្រើបច្ចេកវិទ្យាឌីជីថល ឬតាមបណ្ដាញអ៊ីនធឺណិត ចេញពីទីតាំងគ្រប់កន្លែងលើពិភពលោក ដែលបញ្ហានេះទាមទារចាំបាច់នូវមន្ត្រីមានសមត្ថភាព និងក៏ទាមទារជាចាំបាច់ដែរ ការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធរវាងស្ថាប័នអនុវត្តច្បាប់នៃបណ្ដាប្រទេសពាក់ព័ន្ធ។
ពីវេទិកាបើកសិក្ខាសាលានោះដែរ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលរងគ្រោះដូចសកលលោកដែរ និងក៏ទទួលបន្ទុកចូលរួមដោះស្រាយករណីសម្អាតប្រាក់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនមែនខិតខំសម្រាប់តែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្ការ ទប់ស្កាត់ និងជួយសង្រ្គោះមនុស្សជាតិនៅតាមប្រទេសផ្សេងទៀតក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។ លោក ឧបនាយករដ្ឋមន្ត្រី មិនគាំទ្រឡើយរាល់ការចង្អុលមុខ ឬទម្លាក់កំហុស តែទៅលើភាគីណាមួយ នៅពេលនិយាយពីផលលំបាកបង្កឡើងដោយបទល្មើសទាំងពីរប្រភេទនេះ៕


