ដីព្រៃកន្លែងកប់សព ត្រូវគេលួចធ្វើប្លង់កម្មសិទ្ធឆៅៗ ឯរដ្ឋបាលស្រុកពេជ្រាដាបានចេញសេចក្តីប្រកាសព័ត៌ភ្លាមៗ

មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។
នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn ។
ជុំវិញបញ្ហានេះ បើតាមលោកប្លង់ ជំនិត អធិការនគរបាលស្រុកពេជ្រាដា នារសៀលថ្ងៃទី៨ខែតុលា បានប្រាប់ដើមអម្ពិលថា ប្រជាសហគមន៍ភូមិពូរាំង នៃស្រុកពេជ្រាដាបានជួបប្រជុំដោះស្រាយបញ្ហាថាមានគេឈូសឆាយចូលដីកប់សពរបស់ជនជាតិដើមភាគតិច និងបន្តសម្រេចលទ្ធផលដោះស្រាយ នៅថ្ងៃបន្ទាប់ ក្រោមកិច្ចសម្របសម្រួលពីលោកអភិបាលស្រុកពេជ្រាដាផ្ទាល់។
ជាមួយគ្នានេះ ដែរនូវបន្ទាប់ពីគណនីphalla Phorn ចូលថតវីឌីអូអត្ថាធិប្បាយ ក្នុងតំបន់ព្រៃកប់សពនោះ រដ្ឋបាលស្រុកពេជ្រាដា បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយមានខ្លឹមសារដូចខាងក្រោម៖
បំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ឱ្យបាន ជ្រាបថា៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលស្រុកពេជ្រាដា បានទទួលពាក្យបណ្ដឹងពីតំណាង សហគមន៍ជនជាតិដើមភាគតិចភូមិពូរាំង ដែលមានឈ្មោះ រិន ដេវីត ជាមេធាវី តំណាងដោយអាណត្តិ បានប្តឹង ឈ្មោះ វ៉ាន់ អាត ជាប្រជាពលរដ្ឋរស់នៅភូមិប៊ូស្រា ឃុំប៊ូស្រា ករណីឈូសឆាយដីព្រៃកប់សពសហគមន៍ ជនជាតិ ដើមភាគតិចព្នងភូមិពូរាំង។
បន្ទាប់ពីទទួលពាក្យបណ្តឹងខាងលើ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ ស្រុកបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង និងបានពិនិត្យឃើញថា ចំណុចទីតាំងដីមានទំនាស់ខាងលើនេះ គឺស្ថិតនៅលើដីដែលមានប្លង់រឹង ចំនួនពីរក្បាលដីផ្សេងគ្នា គឺក្បាលដីលេខ 456 និង ក្បាលដីលេខ 457 ដោយ មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចេញក្នុងឆ្នាំ២០១៣ ដែលបានវាស់វែងដោយក្រុមនិស្សិត អនុវត្តតាម បទបញ្ជា០១បប របស់រាជរដ្ឋាភិបាល។
បន្ទាប់មក នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានដឹកនាំ ក្រុមការងារ ដោយបានអញ្ជើញបងប្អូនប្រជាសហគមន៍ និងឈ្មោះ វ៉ាន់ អាត ចុះពិនិត្យដល់ទីតាំងដីជាក់ស្តែង ដើម្បីសម្រុះសម្រួល និងទទួលបានលទ្ធផលដូចខាងក្រោម៖
១. ចំពោះប្លង់ដីទី១ (ក្បាលដីលេខ457)ដែលមានទំហំ 6 075 ម៉ែត្រការ៉េ ក្រុមការងារបានពិនិត្យឃើញ ថា ទីតាំងដីនៅមានព្រៃ និងស្ថានភាពមានអំបែងចាន ពាង និងឆ្នាំងចាស់ៗ លោកអភិបាលស្រុក បានហាមមិនឱ្យមានការផ្ទេរសិទ្ធិ ទិញ-លក់ ឬទៅឱ្យបុគ្គលណាបន្តទៀតឡើយ។
២. ចំពោះប្លង់ដីទី២ (ក្បាលដីលេខ456) ដែលមានទំហំ 36 083 ម៉ែត្រការ៉េ ទីតាំងដីស្ថិតនៅខាង ក្រៅតំបន់ទីតាំងព្រៃកប់សពទេ ប៉ុន្តែបងប្អូនប្រជាសហគមន៍បានទាមទារឱ្យលោក វ៉ាន់ អាត ធ្វើ សម្បទានដីបន្ថែម ដោយប្រគល់ជូនសហគមន៍ដើម្បីទុកជាដីព្រៃកប់សព ដោយស្នើឱ្យមានការ កំណត់តាមព្រំថ្មីដែល ដែលមានលេខនិយាមការ បង្គោលទី១ (X:766156.52 Y:1386786.99) បង្គោលទី២ (X:766153.11 Y:1386676.26) បង្គោលទី៣ (X:766149.22 Y:1386630.16) 138630.16
បង្គោលទី៤ (X:766105.28 Y:1386534.03) បង្គោលទី៦ (X:766016.86 Y:1386582.68) បង្គោលទី៧ (X:765968.54 Y:1386621.64)
បង្គោលទី៨ (X:765980.33 Y:1386651.63) បង្គោលទី៩ (X:765984.57 Y:1386675.36)
បង្គោលទី១០ (X:766017.96 Y:1386813.08)។
បន្ទាប់មកភាគីទាំងសងខាង បានយល់ព្រម និងឯកភាព តាមការសម្រុះសម្រួលរបស់ លោកអភិបាល ស្រុកជាប្រធានក្រុមការងារ។
ចំពោះវីដេអូសកម្មភាព ដែលគណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn បានថត និង និយាយថា មានឈូសឆាយលើព្រែកប់សពនោះ គឺមិនពិតទេ។ ការឈូសឆាយព្រៃនោះ គឺស្ថិតលើទីតាំង ក្បាលដីលេខ 456 នៅខាងក្រៅពីតំបន់ព្រៃកប់សព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន និងកុំមានការ ភ័ន្តច្រឡំ៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
