ព័ត៌មានជាតិ

វិស័យមីក្រូហិរញ្ញវត្ថុ ចូលរួមសម្រាលបន្ទុកពលរដ្ឋរងគ្រោះ ក្នុងជម្លោះតាមព្រំដែន និងកងទ័ពជួរមុខ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ គ្រឹះស្ថានហិរញ្ញវត្ថុ ជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាបរិច្ចាគជាថវិកា ព្រមទាំងសម្ភារៈសុខាភិបាលក្នុង «មូលនិធិគាំទ្រកងទ័ពជួរមុខនិងប្រជាជនជម្លៀសពីលំនៅដ្ឋាន» ដើម្បីចូលរួមសម្រាលបន្ទុកដល់បងប្អូនជនភៀសសឹក និងយោធិនដែលកំពុងឈរជើងនៅសមរភូមិមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

តាមរយៈការចូលរួមរបស់គ្រឹះស្ថានសមាជិក បុគ្គលិកក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងសាធារណៈជន មូលនិធិរបស់សមាគម បានទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦៦ ៤៤៧,៧១ដុល្លារអាមេរិច និងសម្ភារសុខាភិបាលចំនួន ៦កេស។ មូលនិធិនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការ រួមសុខទុក្ខជាមួយកងទ័ព និងប្រជាជនក្នុងពេលវេលាដ៏លំបាកនេះ។

សមាគមបានបរិច្ចាគថវិកាពីក្នុងមូលនិធិចំនួន ១៣ ០០០ដុល្លារអាមេរិក ជូនដល់ការផ្តួចផ្តើមសាងសង់ផ្ទះជូនក្រុមគ្រួសាររបស់យោធិនពលី របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ថវិកាចំនួន ១៥ ០០០ដុល្លារអាមេរិកទៀត សមាគមបានបរិច្ចាគជូនមូលនិធិព្រំដែនរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការគាំទ្រដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារយោធិនពលី។ សម្រាប់មូលនិធិដែលនៅសល់ សមាគមបានប្រើប្រាស់សម្រាប់ទិញស្បៀង និងបរិច្ចាគជាថវិកាជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ នៃខេត្តព្រះវិហារក្នុងបរិមាណគិតជាទឹកប្រាក់ស្មើគ្នា រួមទាំងសម្ភារៈសុខាភិបាលទទួលបានពីការបរិច្ចាគផងដែរ។

ពិធីប្រគល់និងទទួលអំណោយដែលធ្វើឡើងនៅបីទីតាំងផ្សេងៗគ្នា ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៥ មានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តមានជ័យ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ សំ សៀ មេបញ្ជាការរងកងពលធំអន្តរគមន៍លេខ៣ នៃខេត្តព្រះវិហារ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ តំណាងគ្រឹះស្ថានសមាជិក និងក្រុមការងារសមាគម។

ថ្លែងក្នុងពិធីប្រគល់និងទទួលអំណោយ លោកស្រី ឌិត នីតា បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់សមាគម ក៏ដូចជាវិស័យទាំងមូលក្នុងការចូលរួមចំណែកដល់ការសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល និងអនុវត្តវិធានការ សេចក្តីណែនាំ និងបទប្បញ្ញត្តិផ្សេងៗ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា រួមទាំងការរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋជួបការលំបាកផ្នែកហិរញ្ញវត្ថុ បងប្អូនពលករដែលវិលត្រលប់មកពីប្រទេសថៃ កងទ័ពកំពុងប្រតិបត្តិការនៅសមរភូមិមុខ និងយោធិនរងរបួសពីការប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃ។

លោកស្រី បានបន្ថែមថា លើសពីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាសមាជិករបស់សមាគមទាំងពីរ ក៏បានលុបបំណុលទាំងស្រុងជូនដល់ក្រុមគ្រួសារយោធិនពលីថែមទៀតផង។ លោកស្រី ឌិត នីតា បានមានប្រសាសន៍ថា «វិស័យធនាគារ និងហិរញ្ញវត្ថុ នៅតែប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការផ្តល់ដើមទុនដែលមានអត្រាការប្រាក់សមរម្យជូនដល់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ យើងបាននិងកំពុងប្រឹងប្រែងពង្រឹងវិស័យរបស់យើងតាមរយៈការដាក់ចេញវិធានការជាច្រើន រួមទាំងការកិច្ចសន្យាឥណទានដែលមានលក្ខណៈស្តង់ដារ មានភាពសាមញ្ញ និងតម្លាភាព ការពង្រឹងកិច្ចការពារអតិថិជន ដើម្បីជួយឱ្យវិស័យរីកចម្រើនប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព»។

លោកស្រី ក៏បានចុះជួបប្រធានសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានប្រតិបត្តិការក្នុងខេត្តបន្ទាយមានជ័យ ឧត្តមានជ័យនិង ព្រះវិហារ ដើម្បីស្វែងយល់ពីផលប៉ះពាល់ បញ្ហាប្រឈម តម្រូវការ និងសំណូនានារបស់គ្រឹះស្ថាននិងអតិថិជន។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានសមាជិកប្តេជ្ញាចូលរួមឱ្យអស់ពីពលទ្ធភាព គាំទ្រកងទ័ពកម្ពុជាក្នុងបេសកម្មការពារបូរណភាពទឹកដី និងសម្រាលបន្ទុកដល់បងប្អូនជនភៀសសឹក៕

To Top