ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមបណ្តាញកសិករតេជោ និងវិទ្យាស្ថានស៊ីអ៊ីអូ បានសហការរៀបចំវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម និងលោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ។ 

វេទិកានេះមានការចូលរួមដោយថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកាជាសហគ្រិនវ័យក្មេងជាច្រើនផងដែរ សរុបជាង 100 នាក់។

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានមានប្រសាសន៍ជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម ក៏ដូចជាបច្ចុប្បន្នភាពក្នុងការឆ្លើយតបទៅនឹងបរិបទក្រោយសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។ លើសពីនេះលោកបណ្ឌិតបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៊ីអូ និងក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំ ក្នុងការរៀបចំវេទិកានេះឡើង ដើម្បីផ្តល់ជាឱកាសសម្រាប់កិច្ចពិភាក្សាពី លទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រដល់វិស័យកសិកម្ម ការចែករំលែកបទពិសោធកសិកម្មទំនើប រួមទាំងការតភ្ជាប់ទីផ្សារផលិតផលកសិកម្ម និងការទំនាក់ទំនងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ទន្ទឹមនេះ តំណាងខាង វិទ្យាស្ថានស៊ីអ៊ីអូ ក៏បានវាយតម្លៃខ្ពស់ចំពោះវេទិកានេះ និងសង្ឃឹមយ៉ាងមុតមាំថា មានការសហការរៀបចំកម្មវិធីដូចនេះ នាពេលអនាគត។ 

វេទិកានេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃអង្គារ ១០រោច ខែបុស្សឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងទី១៣ ខែមករា ឆ្នាំ២០២៦៕

To Top