លោកជំទាវ ពេជ ចន្ទមុន្នី ៖ បុគ្គលិកកាកបាទក្រហម ជម្នះការលំបាកជួយជនភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជាបានខិតខំប្រឹងប្រែងជាខ្លាំងជម្នះរាល់ការលំបាក ដើម្បីបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ទាំងនៅអំឡុងពេល និងក្រោយសង្គ្រាមកម្ពុជា-ថៃ។

ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប ព្រមទាំងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាលដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌលសុវត្ថិភាព។

លោកជំទាវបណ្ឌិត បានកត់សម្គាល់ឃើញថា ថ្វីត្បិតតែក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាជួបប្រទះនូវជម្លោះតាមព្រំដែនក៏ពិតមែន ប៉ុន្តែសកម្មភាពមនុស្សធម៌កាន់តែផុសផុលឡើង ដែលបង្ហាញយ៉ាងច្បាស់ថា ខ្មែរមានស្មារតីសាមគ្គីជាតិខ្មែរតែមួយ ដ៏រឹងមាំប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ ។

លោកជំទាវបន្ថែម យុវជនកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំ ជួយវេចខ្ចប់ គ្រឿងឧបភោគបរិភោគ ចំណាយថវិកាផ្ទាល់ខ្លួន ជាពិសេសគឺកម្លាំងចិត្តដែលជាខឿនការពារជាតិដ៏រឹងមាំ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ក៏ដូចជាជួយសម្រាលការលំបាករបស់គ្រួសារភៀសសឹក គ្រួសារវីរកងទ័ព វីរយុទ្ធជនរបួស និងពលី តាមវប្បធម៌ ប្រពៃណីខ្មែរ «ជួយគ្នា ក្នុងគ្រាក្រ»៕


