ព័ត៌មានអន្តរជាតិ

​ G7 អំពាវនាវ ឱ្យមានការវាយតម្លៃ កាន់តែស៊ីជម្រៅ​ អំពីផលប៉ះពាល់នៅមជ្ឈិមបូព៌ា លើទីផ្សារថាមពល

ប៉ារីស៖​ ក្រុមប្រទេសទាំង៧ (G7) បានអំពាវនាវ ឱ្យអង្គការអន្តរជាតិវាយតម្លៃកាន់តែស៊ីជម្រៅ អំពីរបៀបដែលស្ថានភាពវិវត្តនៅមជ្ឈិមបូព៌ា អាចប៉ះពាល់ដល់ទីផ្សារថាមពល ។

ប្លុកនេះបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ តាមអ៊ីនធឺណិតរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីថាមពល និងអភិបាលធនាគារកណ្តាល G7 ថា លំហូរពាណិជ្ជកម្មដែលមានសុវត្ថិភាព និងមិនមានការរំខាន រួមទាំងការធ្វើនាវាចរណ៍ដោយសុវត្ថិភាព និងការការពារផ្លូវសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺមានសារៈសំខាន់​ ចំពោះស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងសន្តិសុខថាមពល។

ប្លុកនេះបានជំរុញឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ក្រុមធនាគារពិភពលោក និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) វាយតម្លៃបន្ថែមទៀតអំពីការអភិវឌ្ឍទីផ្សារថាមពល និងផលវិបាករបស់ពួកគេ រួមទាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។

ដោយឡែកពីគ្នា ធនាគារកណ្តាលបារាំងនៅថ្ងៃពុធសប្ដាហ៍មុន​ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ របស់ខ្លួនមកត្រឹម ០,៩ ភាគរយ ដែលធ្លាក់ចុះពីការប៉ាន់ស្មាន ១ភាគរយដែលចេញផ្សាយក្នុងខែធ្នូ ឆ្នាំ ២០២៥។

លើសពីនេះ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថានឹងថយចុះមកត្រឹម ២,៩ ភាគរយនៅឆ្នាំ ២០២៦ ពី ៣,៣ ភាគរយនៅឆ្នាំ ២០២៥ នេះបើយោងតាម ​​OECD នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយបន្ថែមថាជម្លោះដែលកំពុងវិវឌ្ឍនៅមជ្ឈិមបូព៌ានឹងសាកល្បងភាពធន់របស់សេដ្ឋកិច្ចពិភពលោក៕

To Top