អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ផ្សព្វផ្សាយសៀវភៅ «ដំណើរឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ.) នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានបោះពុម្ព និងផ្សព្វផ្សាយសៀវភៅឆ្នាំទី២ ស្តីពី «ដំណើរឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។
តាមរយៈកូនសៀវភៅ ដែលមានកម្រាស់៤៧ទំព័រនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលេច សមិទ្ធផលលេចធ្លោសំខាន់ៗ ដែលរាជរដ្ឋាភិបាល បន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានក្នុងឆ្នាំ២០២៥ ជាពិសេសការប្តេជ្ញាចិត្ត រក្សាឱ្យបានគង់វង្សនូវសមិទ្ធផលនានា ដែលកសាងដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការប្តេជ្ញាចិត្តកសាងសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនជាតិមាតុភូមិ។

ជាក់ស្តែង ក្នុងអំឡុងពេលដែលកម្ពុជា ទទួលរងការរំលោភបំពានយ៉ាងកំរោលពីសំណាក់យោធាថៃ រាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើគោលជំហរ សន្តិភាពនិយម និងផ្តល់តម្លៃខ្ពស់ចំពោះជីវិតមនុស្ស និង ភាពសុខសាន្តរបស់ប្រជាពលរដ្ឋជាធំ បានខិតខំប្រឹងប្រែង ដោយដៃម្ខាងការពារសន្តិភាព តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយការទូតដើម្បីសម្រេចបានបទឈប់បាញ់ និងដៃម្ខាងទៀត ខំប្រឹងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយផ្អែកលើដំណោះស្រាយដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស ដោយអនុលោមតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។
ក្រៅពីនោះ រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ ប្រទេសជាតិស្រប តាមគោលនយោបាយដែលបានដាក់ចេញ ដោយអាចសម្រេចសមិទ្ធផលសំខាន់ៗ គួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសការងារពាណិជ្ជកម្ម (ជោគជ័យ នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ធ្លាក់ចុះពី ៤៩% មកត្រឹម ១៩%) ការទាក់ទាញអ្នកវិនិយោគ ការកសាងគ្រប់គ្រង និង ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគាំពារសង្គមរក្សា បានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានធ្វើកំណែទម្រង់ លើវិស័យធំៗជាច្រើន ដូចជា សុខាភិបាល រដ្ឋបាលសាធារណៈ អប់រំ កសិកម្ម ការលើកកម្ពស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់អភិវឌ្ឍន៍លើគ្រប់វិស័យ។
សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបោះពុម្ពនិង ផ្សព្វផ្សាយសៀវភៅឆ្នាំទី១ «នៃដំណើរឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដើម្បីផ្សព្វផ្សាយពីគោលនយោបាយនិងសមិទ្ធផល របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផងដែរ៕
