ព័ត៌មានជាតិ

ចងចាំ និងគោរពដឹងគុណជានិច្ច ចំពោះវីរកងទ័ពសមរភូមិមុខ ! រដ្ឋមន្ត្រី​ ហេង សួរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖ ក្នុងស្មារតីផ្សារភ្ជាប់ ជាមួយសមរភូមិមុខ និង ជាការចងចាំ បង្ហាញពីក្តីគោរពដឹងគុណ ជានិច្ច ចំពោះបងប្អូន វីរកងទ័ព ដែលកំពុងឈរជើង នៅតាមព្រំដែនការពារជាតិមាតុភូមិ នៅក្នុងពេលពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទិសព្រះវិហារ។

នាឱកាសនេះ លោក​រដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែ យកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនកងទ័ព នៅសមរភូមិមុខ។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបានកៀរគរ នូវធនធាន សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្តដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដី។

លោក​ ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន និងពលទាហានទាំងអស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ហើយក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក៏ដូចជាតំណាងសមាគមសហជីព រោងចក្រសហគ្រាស បងប្អូនកម្មករនិយោជិត ​និងនិយោជកទាំងអស់ ពិតជាចងចាំនូវវីរភាពដ៏អង់អាចក្លាហាន និងគោរពដឹងគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារសេចក្តីសុខសាន្តរបស់អ្នកសមរភូមិក្រោយ និងប្រទេសជាតិយើង។

លោក​បានគូសបញ្ជាក់ថា ការពង្រឹងសម្ព័ន្ធមេត្រី ភាពរវាងស្ថាប័នរដ្ឋ និងសមរភូមិមុខ គឺជាការអនុវត្តតាមកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ខឿនការពារជាតិឱ្យកាន់តែរឹងមាំ ក្រោមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។ តាមរយៈនេះជាទៀងទាត់ រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងបានចុះសាកសួរសុខ ទុក្ខកងទ័ពដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពក្នុង១ឆ្នាំ ២ដង គឺនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ព្រមជាមួយនឹងការពាំនាំនូវអំណោយឧបត្ថម្ភផ្សេងៗមកជាមួយផងដែរ។

ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលនានាក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសម្រេចបានក្រោម​គោលនយោបាយនិងចក្ខុវិស័យដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ភាពជោគជ័យទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ​ដើម្បី​ផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ ជាការលើកទឹកចិត្ត និងត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅ៕

To Top