ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ព្រមានលោក សេង សារី កុំឱ្យព្រហើនពេក

ភ្នំពេញ៖ ពាក្យកុំព្រហើនពេក គឺជាសារដាស់តឿន របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ព្រមានទៅកាន់លោក សេង សារី ដែលបានសម្ងំខ្លួនធ្វើជាអ្នកយកការណ៍ ក្នុងក្រុមប្រឆាំងអស់រយៈកាលជាយូរណាស់មកហើយ រហូតដល់មានទាំងការស្នើសុំលុយ ដើម្បីយកទៅបង្កើតគណបក្សផងនោះ ។

ការចេញមកព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោក សេង សារី បានធ្វើបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ដោយ​ធ្វើការចោទប្រកាន់ ខុសពីការពិតថា ​សម្ដេចចតេជោ ហ៊ុន សែន បានលុបសារលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយបង្ហោះសារពាក់ព័ន្ធការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និង​បញ្ហាព្រំដែន ដែលក្រុមយោធាថៃកំពុងចូលកាន់កាប់ ដោយខុសច្បាប់នៅលើទឹកកម្ពុជា ដូចជានៅខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ។

ក្នុងសារជាសំឡេងរយៈពេល៣៧នាទី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះទីតាំងដែលថៃកំពុងចូលកាន់កាប់ដោយខុសច្បាប់នេះ មិនមែនក្លាយជាដីថៃជាស្ថាពរនោះទេ គឺកម្ពុជានៅតែបន្តតស៊ូយកត្រឡប់មកវិញ ដោយមធ្យោបាយសន្តិវិធី។

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានចាត់ទុកសកម្មភាព និងការលើកឡើងរបស់លោក សេង សារី និងក្រុមប្រឆាំងនៅក្រៅប្រទេសគឺការរុញភ្លើងឱ្យឆេះកាន់តែខ្លាំង ដែលមិនត្រឹមតែធ្វើឱ្យរាលដាលសភាពការណ៍នៅតាមព្រំដែននោះទេ គឺវានឹងរាលដាលដល់បញ្ហាសេដ្ឋកិច្ច សង្គម និងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។

សម្ដេចបានចោទជាសំនួរថា គ្រាន់តែរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហេតុអ្វីត្រូវធ្វើមិនបាន។ សម្ដេចបន្តថា សង្គមមួយត្រូវតែមានចលនា បើទោះបីជាមេដៃឬកូនដៃ យើងកំពុងតែរុំរបួស តែយើងត្រូវតែព្យាបាល យើងប្រៀបធៀបទៅនឹងសរីរាង្គរបស់យើង។

សម្ដេចបន្ថែមថា យើងត្រូវតែធ្វើចលនាដើម្បីធ្វើឱ្យ សេដ្ឋកិច្ចសង្គម វប្បធម៌ សាសនា របស់យើងបន្ត មិនអាចនៅស្ថានភាពបង្កើតឱ្យមានរឿងរ៉ាវកើតឡើងកាន់តែធំ ជម្លោះប្រដាប់អាវុធកើតឡើង កងទ័ពពលីនិងរបួស ប្រជាជនភៀសសឹកបន្តទៅទៀតនោះទេ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សេង សារី ដែលទាមទារឱ្យរដ្ឋាភិបាលបកស្រាយបង្ហាញយុទ្ធវិធី ក្នុងការទាមទារទឹកដីមកវិញ សម្ដេចលើកឡើងថា វិធីចរចា មិនថាប្រទេសណានោះទេ បើរឿងប្រាប់គេអស់ទៅហើយ ចាំបាច់ទៅចរចាធ្វើអី។

សម្ដេចតេជោ បានព្រមានទៅលោក សេង សេរី​ កុំឱ្យព្រហើ​ន រហូរដល់បង្ខំឱ្យសម្ដេចបង្ហោះសារទាំងអស់ចេញ

សម្ដេចបញ្ជាក់ថា «និយាយតាមមួយបែបចុះ ហែងកុំព្រហើនពេក អាសារី អាញ់ប្រាប់ អ្នកឯកជាបណ្ឌិតក៏ដោយ តែអាយុវាក្មេងណាស់ មិនមែនហៅអាមិនបាននោះទេ…….. ថាពួកអាចង្រៃផ្សេងទៀតទៅ វាជារឿងរបស់វាទៅហើយ ប៉ុន្តែកូនឯងមិនសមទេ ពុកធ្លាប់អនុគ្រោះឱ្យកូនឯង ចុងក្រោយកូនឯងស្នើលុយពុកដើម្បីបង្កើតបក្ស កូនឯងស្នើលុយដើម្បីចូលទៅបង្កប់ខ្លួននៅផ្នែកខាងណោះ តើកូនឯងចង់ឱ្យពុកបង្ហោះបន្ថែមនូវសារឆ្លងឆ្លើយគ្នា ដែលពុកមិនទាន់បានបង្ហោះរាប់រយនឹងទៀតឬយ៉ាងមិច»។

ជាមួយគ្នានេះ សម្ដេចក៏បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ លោក សេង សារី ក៏នៅតែបន្តផ្ញើរសារមកសម្ដេចជាបន្តបន្ទាប់ ដែលសម្ដេចមិនយល់ថា តើលោក សេង សារី ជាមនុស្សបែបណាឱ្យពិតប្រាកដ ឡប់ ឆ្គួត ឬមនុស្សធម្មតា ហើយជាបណ្ឌិតមានខួរក្បាលបែបណា រហូតព្រាតប្រាស រត់ចោលស្រុក។

សម្ដេចបន្ថែមថា លោក សេង សារី គឺជាមនុស្សពូកែបោក ទោះទៅដល់ណាក៏នៅតែជា មនុស្សបោកដែរ៕

To Top