ថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី! លោកឆាយ ឫទ្ធិសែន និងភរិយា នាំយកទេយ្យវត្ថុ និងបច្ច័យវេរប្រគេនព្រះសង្ឃចំនួន៣វត្ត នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បាននាំយកទេយ្យវត្ថុ និងបច្ច័យវេរប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃឡើងស័ក ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្ដសករាជ ២០២៦ ចំនួន ៣វត្ត ដូចខាងក្រោម៖
វត្តទី១៖ ឈ្មោះវត្តក្បាលកោះ ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
វត្តទី២៖ ឈ្មោះវត្តសេដ្ឋី ស្ថិតក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
វត្តទី៣៖ ឈ្មោះវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី និងភរិយា ព្រមទាំងគណៈប្រតិភូរួមដំណើរ បានអញ្ជើញបង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក៏ដូចជាវីរកងទ័ព វីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
បន្ទាប់មក លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញប្រទក្សិណជុំវិញវាលុកចេតិយ (ពូនភ្នំខ្សាច់) ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ព្រះសម្មាសម្ពុទ្ធនិង និងរំដោះកម្មពៀរវេរាទាំងឡាយ ព្រមទាំងស្រង់ព្រះសុគន្ធវារីថ្វាយព្រះពុទ្ធប្បដិមា ដើម្បីលាងជម្រះនូវបាបកម្មទាំងឡាយនិងទទួលពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមមគ្រួសារ និងសង្គមជាតិទាំងមូល។
សូមជម្រាបជូនដែរថា វេលាប្រកបដោយសទ្ធាជ្រះថ្លានោះដែរ លោករដ្ឋមន្ដ្រី និងភរិយា ព្រមទាំងគណៈប្រតិភូ ក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី ដែលបានបូជាជីវិត ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពបូរណភាពទឹកដី អំឡុងពេលដែលមានការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា ថៃនាពេលកន្លងមក៕







