ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជិត ៣០ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

ស្ទឹងត្រែង៖ យោងតាមរបាយការណ៍លទ្ធផលមន្ទីរទេសចរណ៍ខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកកម្សាន្ត តាមតំបន់ទេសចរណ៍នានា ជាពិសេសក្នុងព្រឹត្តិការណ៍ “ស្ទឹងត្រែងសង្ក្រាន្ត” តាមរបាយការណ៍របស់មន្ត្រីទេសចរណ៍ ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរសរុបដែលបានមកសម្រាកកម្សាន្តក្នុងខេត្តមានចំនួន ២៨៩,៥៧០នាក់។

បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួននេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅ ២៧,៨២៥នាក់ ដែលស្មើនឹងអត្រាកំណើន ១១%
ភ្ញៀវទេសចរជាតិ មានចំនួន ២៨៩,៤៥០នាក់ កើនឡើង ២៧,៨១១នាក់ (ស្មើនឹង ១១%)។
ភ្ញៀវទេសចរបរទេស មានចំនួន ១២០នាក់ កើនឡើង ១៤នាក់ (ស្មើនឹង ១៣%)

កំណើននៃចំនួនភ្ញៀវទេសចរនេះ ឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ “ទស្សនាខេត្តស្ទឹងត្រែង” និងការរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងសម្បូរបែប ដែលរួមមានការលេងល្បែងប្រជាប្រិយ ការប្រគំតន្ត្រី និងការដាក់បង្ហាញផលិតផលក្នុងស្រុក ក្រៅពីព្រឹត្តិការណ៍សង្ក្រាន្តនៅកណ្ដាលក្រុងស្ទឹងត្រែង ភ្ញៀវទេសចរក៏បានសម្រុកទៅកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិល្បីៗដូចជា បុរីអូរស្វាយ អន្លង់ផ្សោត និងរមណីយដ្ឋានអូឬស្សីកណ្ដាល (អូរច្រឡង់) តំបន់រ៉ាមសារកោះហាន រមណីយដ្ឋានចំការក្រូច(កោះខ្សាច់)។ល។

ភាពអ៊ូអរនេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយលើសេវាកម្មស្នាក់នៅ បុណ្យទាន និងការហូបចុក អាជ្ញាធរខេត្តក៏បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យ បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ បានដើរកម្សាន្តយ៉ាងមានសុវត្ថិភាព និងកក់ក្តៅបំផុត៕ដោយដើមអំពិលស្ទឹងត្រែង

To Top