កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ចុះជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកមោងឫស្សី
បាត់ដំបង៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចុះអនុវត្តសកម្មភាពមនុស្សធម៌ ដោយជួយរៀបចំរុះរើ និងជួសជុលប្រក់ដំបូលផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋម្នាក់ដែលរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់។

សកម្មភាពនេះបានប្រព្រឹត្តទៅនៅចំណុចក្រុមទី១២ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងការដឹកនាំរបស់លោក ទេព ហន អភិបាលស្រុកមោងឫស្សី រួមជាមួយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី។

កម្លាំងចូលរួមមានដូចជា កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៩ ក្រុមប្រឹក្សាឃុំគារ មេភូមិ និងអនុភូមិ ព្រមទាំងកម្លាំងប្រជាការពារ។ សរុបចំនួនអ្នកចូលរួមមាន ៥៥ នាក់ ក្នុងនោះស្ត្រី ០២នាក់។

ជនរងគ្រោះមានឈ្មោះ ផល ចក់ ភេទប្រុស អាយុ ៥២ ឆ្នាំ ដែលផ្ទះរបស់គាត់បានរងការខូចខាតដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៧ និង ៣០ នាទី។
សកម្មភាពជួយសង្គ្រោះ និងស្ដារឡើងវិញនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីសហការរបស់អាជ្ញាធរ និងសមត្ថកិច្ចក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលជួបប្រទះគ្រោះធម្មជាតិ។
អត្ថបទ ៖ ច័ន្ទ វិស្សាសៈ បាត់ដំបង ដេីមអំពិល
