ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញប្រគេនអំណោយដល់ព្រះសង្ឃ រងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ស្រុកកោះសូទិន
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមជាមួយក្រុមការងារ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលរងគ្រោះដោយអគ្គីភ័យ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាមួយព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ កុដិថ្មនិងឈើរប្រក់ក្បឿង ២ខ្នង ទំហំ ១២ម × ១៥ម និងឧបដ្ឋានសាលា ទំហំ ២៥ម× ២៥ម ត្រូវភ្លើងឆេះអស់ទាំងស្រុងកាលពីល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។

លោកប្រធានសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានប្រគេនព្រះចៅអធិការវត្តរងគ្រោះ រួមមាន៖ អង្ករ ២០០គក្រ ត្រីខ ៨យួរ ,ទឹកត្រី ៨យួរ ទឹកស៊ីអ៊ីវ ៨យួរ ,មី ៨កេស ,តង់ធំ៨ និង ថវិកាសរុបចំនួន ៧.០០០.០០០រៀល ក្នុងនេះ ថវិការដ្ឋបាលខេត្តចំនួន ៥.០០០.០០០រៀល៕


អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
