DAP News
ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន​ ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ប នាថ្ងៃទី២មិថុនា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប និងសេចក្តីណែនាំស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

ក្នុងនោះ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារ និងបានសម្រេចដូចខាងក្រោម៖
១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងកែសម្រួលពាក្យពេចន៍មួយចំនួន ហើយបានសម្រេចឯកភាព​ លើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
២.របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
យោងតាមសេចក្តីព្រាងនោះ គឺណែនាំទៅលេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) អាជ្ញាធរឃុំ សង្កាត់ និងមេភូមិចាត់ចែងអនុវត្តការស្រង់ស្ថិតិ និងការកំណត់ចំនួនការិយាល័យបោះឆ្នោត ហើយត្រូវបំពេញតាមគំរូតារាង ដូចខាងក្រោម រួមមាន៖
-តារាងស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានក្នុងភូមិ
-តារាងស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងឃុំ សង្កាត់
-តារាងចំនួនអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត
-បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត
-តារាងស្រង់ស្ថិតិប្រជាពលរដ្ឋ និងការិយាល័យបោះឆ្នោត ដែលរងផលប៉ះពាល់ ដោយសារការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ
-តារាងចំនួនអ្នកមានសិទ្ធិបោះឆ្នោតដែលទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលមិនធ្លាប់បានចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១០២៧ ឃុំ សង្កាត់)
-តារាងចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតដែលទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលមិនធ្លាប់បានចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១០២៧ ភូមិ)។

៣. របៀបវារៈផ្សេងៗ៖ ក្រោយពីបានស្តាប់របាយការណ៍ របស់គណៈកម្មការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីក្របខ័ណ្ឌ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត អំពីលទ្ធផលប្រឡង ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាព តាមរបាយការណ៍ និងមតិយោបល់របស់គណៈកម្មការរៀបចំការប្រឡង លើលទ្ធផលជាប់ធ្លាក់របស់បេក្ខជននីមួយៗ។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសផ្សព្វផ្សាយ ជាសាធារណៈនៅទីស្តីការ គ.ជ.ប ព្រមទាំងបង្ហោះតាមអាសយដ្ឋានវេប គ.ជ.ប៕

To Top