បទវិភាគ៖ ក្រដាសគ្មានតម្លៃមួយសន្លឹក មិនអាចបង្ករឿងហេតុអ្វីបានទេ ជប៉ុនគួរបញ្ឈប់បង្ករឿងនៅសមុទ្រចិនខាងត្បូងឥឡូវនេះ
ខណៈពេលខួបលើកទី១០នៃការប្រកាសការកាត់ក្តីនៃ “សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង” ជប៉ុនដែលមិនមែនជាប្រទេសសាមីក្នុងបញ្ហាសមុទ្រចិនខាងត្បូង បានបញ្ចេញពាក្យសម្តីហួសហេតុជាថ្មីម្តងទៀត ។ លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុនបានឃោសនាបំប៉ោងយ៉ាងកម្រោលពី “ការកាត់ក្តី”ដ៏ខុសច្បាប់ ហើយបានវាយប្រហារនិងរិះគន់គំនិតផ្តួចផ្តើមស្របច្បាប់របស់ចិនទៀត ។ ស្របពេលជាមួយគ្នានេះ ជប៉ុនបានសមគំនិតជាមួយប្រទេសចំនួន១៤ ដូចជា អាមេរិកនិងហ្វីលីពីនជាដើម រួមគ្នាប្រឌិតអ្វីដែលហៅថា “សេចក្តីថ្លែងការណ៍រួម” ក្នុងន័យបដិសេធសិទ្ធិជាលក្ខណៈប្រវត្តិសាស្ត្ររបស់ចិននៅសមុទ្រចិនខាងត្បូង ។ ការសម្តែងនយោបាយ ដែលបានគ្រោងទុកជាយូរមកហើយ បានលាតត្រដាងនូវចេតនាដ៏អាក្រក់របស់ជប៉ុនដែលចង់ជ្រៀតជ្រែកចូលក្នុងកិច្ចការសមុទ្រចិនខាងត្បូងនិងបង្ករឿងនៅក្នុងតំបន់ ។ ដូច្នេះ ប្រទេសចិនបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ ដោយសម្តែងការមិនពេញចិត្តនិងការប្រឆាំងយ៉ាងខ្លាំង ហើយបានបង្ហាញថា នឹងធ្វើការតបតវិញយ៉ាងខ្លាំងក្លាចំពោះការបង្ករឿងរបស់ជប៉ុន ក៏ដូចជាគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ។

កាលពី១០ឆ្នាំមុន ប្រទេសសំខាន់ដែលញាក់ខ្សែបញ្ជាពីក្រោយ គឺអ្វីដែលហៅថាការកាត់ក្តីនៃ “សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង” គឺប្រទេសជប៉ុនហ្នឹងឯង ។ អ្វីដែលហៅថា “ការកាត់ក្តី” នេះ គឺល្មើសនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ «អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ » វាគឺជាក្រដាសគ្មានតម្លៃមួយសន្លឹក ប្រទេសចិនមិនទទួលយក និងមិនទទួលស្គាល់ទេ ហើយឥស្សរជនអន្តរជាតិក៏ចំអកវាទៀតផង ។
ក្នុងរយៈពេល១០ឆ្នាំកន្លងមក ជប៉ុនបានឃោសនាបំប៉ោងពីការគាំទ្រដល់ “ការកាត់ក្តី” ខុសច្បាប់ជាបន្តបន្ទាប់ ហើយប៉ុនប៉ងដាក់សម្ពាធនិងមួលបង្កាច់ប្រទេសចិន ។ មុនដំបូង ឆ្លៀតឱកាសដែលហ្វីលីពីនបង្កការប៉ះទង្គិចនៅសមុទ្រចិនខាងត្បូង ជប៉ុនប៉ុនប៉ងលូកដៃចូលក្នុងរឿងសមុទ្រចិនខាងកើត និងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងន័យបង្កើតជា “ប្រព័ន្ធសហការនៅសមុទ្រចិនទាំងបី” ដើម្បីធ្វើការទប់ស្កាត់ជាយុទ្ធសាស្ត្រចំពោះប្រទេសចិន ។ ព្រមពេលជាមួយគ្នានេះ ឆ្លៀតឱកាសឃោសនាបំប៉ោងពី “ការកាត់ក្តី”ខុសច្បាប់ និងច្បាប់ស្តីពីសមុទ្រដែលបម្រើអោយផលប្រយោជន៍ជប៉ុនខ្លួនឯង ដោយចង់ធ្វើអោយរស់ឡើងវិញនូវគំនិតស្រមើស្រមៃធ្វើអាណានិគមនរបស់ខ្លួន “ក្លាយជាប្រទេសមហាអំណាច ក្នុងមហាសមុទ្រ” ដូចមុនសង្គ្រាមលោកលើទីពីរ ។
ការបង្ករឿងមិនអាចទទួលបានការគាំទ្រជាដាច់ខាត ហើយការបង្កើតរឿងចោទគេឯង ក៏មិនអាចមានការទទួលស្គាល់ផងដែរ។ ដូចការលើកឡើងរបស់ចិនដែលថា បើតាមស្តង់ដាររបស់អ្វីដែលហៅថា “ការកាត់ក្តី”នេះ កោះTaiping ក្នុរប្រជុំកោះNansha ដែលមានទំហំផ្ទៃដី ៥០ម៉ឺនគីឡូម៉ែត្រការ៉េ មានប្រភពទឹកសាបសម្រាប់ផឹក ក៏ដូចជាបន្លែ ផ្លែឈើ និងបសុបក្សីដែលអាចបរិភោគបាន មិនមែនជាកោះ ហើយក៏មិនអាចមាន តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងជាយទ្វីបបាននោះទេ នោះ និយាយអំពីថ្មប៉ប្រះទឹក Okinotorishima ដែលមានផ្ទៃដីពីផ្ទាំងនិងមានទំហំមិនដល់១០ម៉ែត្រការ៉េ ជប៉ុនមានសិទ្ធិអ្វីទាមទាតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងជាយទ្វីបដែលមានទំហំផ្ទៃដីរាប់ម៉ឺនគីឡូម៉ែត្រការ៉េ ? ហើយបើតាមស្តង់ដារនេះ កោះនិងថ្មប៉ប្រះទឹករបស់ជប៉ុនជាច្រើនក៏នឹងបាត់បង់ទីសំអាងសម្រាប់ផ្តួចផ្តើមសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រផងដែរ ។
អធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង មានភស្តុតាងខាងប្រវត្តិសាស្រ្តនិងតាមផ្លូវច្បាប់ពេញបរិបូណ៍ ដែលមិនរងប៉ះពាល់ពីឥទ្ធិពលនៃ “ការកាត់ក្តី”ខុសច្បាប់នោះទេ ទោះក្នុងកាល:ទេស:ណាក៏ដោយ ។ បច្ចុប្បន្ននេះ កិច្ចពិគ្រោះយោបល់ស្តីអំពី “ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង”រវាងចិននិងអា
ស៊ានបានឈានចូលដំណាក់កាលគន្លឹះហើយ បណ្តាភាគីនានាសុទ្ធតែរំពឹងទុកថា អាចសម្រេចកិច្ចពិគ្រោះយោបល់ក្នុងឆ្នាំនេះ ដើម្បីផ្តល់ “ច្បាប់មាស” សម្រាប់គ្រប់គ្រងការខ្វែងគំនិត បង្កើនទំនុកចិត្តរវាងគ្នានិងគ្នានិងជំរុញកិច្ចសហប្រតិបតិ្តការ ។ ជប៉ុនគួរគិតពិចារណាឡើងវិញពីកំហុសនៃប្រវត្តិសាស្ត្រឈ្លានពាន គោរពពាក្យសន្យាក្នុងធម្មនុញ្ញសន្តិភាព បញ្ឈប់ការជ្រៀតជ្រែកចូលក្នុងបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ឈប់បំផ្លិចបំផ្លាញដល់សន្តិភាពនិងស្ថិរភាពក្នុងសមទ្រចិនខាងត្បូង ។ រាល់ឧបាយកលប៉ុនប៉ងបង្កហេតុនៅសមុទ្រចិនខាងត្បូង ពិតជានឹងទទួលបរាជ័យមិនខាន សន្តិភាព កិច្ចសហប្រតិបតិ្តការនិងមិត្តភាពជានិន្នាការទូទៅដែលមិនអាចបញ្ឈប់់បានឡើយ ៕









