ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងស្មារតីមនុស្សធម៌របស់មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជួយអន្តរាគមន៍បើកផ្លូវសម្រួលដល់រថយន្តដឹកស្ត្រីមានផ្ទៃពោះទៅសម្រាលកូន ទាន់ពេលវេលា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ថា «ប៉ុន្មានថ្ងៃនេះ បងប្អូនសាធារណជនមួយចំនួនធំ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ពិតជាបានចាប់អារម្មណ៍ និងបញ្ចេញមតិល្អៗជាច្រើន អំពីសកម្មភាពមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានជួយអន្តរាគមន៍បើកផ្លូវឱ្យរថយន្តដឹកស្រ្តីមានផ្ទៃពោះ ប្រញាប់ទៅសម្រាលបុត្រនៅមន្ទីរពេទ្យ»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា «សកម្មភាពនេះ បានធ្វើឱ្យយើងគ្រប់គ្នាមានមោទនភាព ហើយវាក៏បានដាស់ស្មារតីយើងគ្រប់គ្នាថា អំពើល្អមិនចាំបាច់ត្រូវការពេលវេលា ទីកន្លែង តួនាទី ឬឋានៈបុគ្គលជាក់លាក់ណាមួយដើម្បីស្ដែងឡើងនោះឡើយ»។

លោកឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់មន្រ្តីគ្រប់ថ្នាក់ និងគ្រប់ទីកន្លែង ដែលបានប្រកាន់ខ្ជាប់នូវអំពើល្អ ទាំងក្នុងការអនុវត្តតួនាទី និងភារកិច្ច និងក្នុងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ លោក ថា «សូមបន្តស្មារតីជាវិជ្ជមានបែបនេះទៀត ក្រៅតែពីការបំពេញតួនាទីភារកិច្ចតាមច្បាប់ និងការគោរពអនុវត្តបទវិន័យរបស់អង្គភាព»៕
