រដ្ឋមន្ដ្រីអប់រំ ណែនាំឱ្យបន្តពង្រឹង កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ពាក់ព័ន្ធការថែទាំសុខភាពភ្នែក តាមសាលារៀន
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យបន្តពង្រឹងកម្មវិធីបណ្ដុះបណ្ដាល គ្រូបង្រៀនពាក់ព័ន្ធការថែទាំសុខភាពភ្នែកនៅតាមសាលារៀន និងបញ្ជ្រាបការយល់ដឹង ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីជាជំនួយការសិក្សាឱ្យបានត្រឹមត្រូវ។

ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូរបស់មូលនិធិហ្វ្រេដហូឡូកម្ពុជា ដឹកនាំដោយ លោក ROSS PIPER នាយកប្រតិបត្តិ (CEO) នៃមូលនិធិ Fred Hollows Foundation (FHF) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល ៥ថ្ងៃនេះ ចាប់ពីថ្ងៃទី០៧ ដល់ទី១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូមូលនិធិហ្វ្រេដហូឡូ បាននិងកំពុងសិក្សាអំពីវឌ្ឍនភាពវិស័យសុខភាពភ្នែក និងពិនិត្យលទ្ធភាពបង្កើនកិច្ចសហការបន្ថែមជាមួយដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងបង្កើនសេវាសុខភាពភ្នែកជូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សកម្ពុជា។
ក្នុងឱកាសនេះ លោកនាយកប្រតិបត្តិមូលនិធិ (FHF) បានឱ្យដឹងថា មូលនិធិហ្វ្រេដហូឡូ (The Fred Hollows Foundation, FHF) គឺជាអង្គការអភិវឌ្ឍន៍របស់ប្រទេសអូស្ត្រាលី ផ្ដោតលើការការពារភាពពិការភ្នែក ដែលបានចាប់ផ្ដើមបេសកកម្មរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ១៩៩៨ និងបានចុះអនុស្សរណៈជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់សុខភាពសិក្សា បង្កើតបរិស្ថានសិក្សាល្អប្រសើរ តាមរយៈកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ការលើកកម្ពស់អាហារូបត្ថម្ភកុមារ ការអប់រំកុមារតូច ការផ្ដល់អាហារូបករណ៍ និងកម្មវិធីជាច្រើនទៀត។
ពាក់ព័ន្ធនឹងសុខភាពភ្នែក លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពនៃការអប់រំសិស្សដែលមានតម្រូវការពិសេស និងសិស្សរស់នៅជាមួយពិការភាពនៅកម្ពុជា ព្រមទាំងបញ្ហាប្រឈមរបស់កុមារ និងយុវជនកម្ពុជាបច្ចុប្បន្ន ក្នុងការប្រើប្រាស់ទូរស័ព្ទលើសកម្រិត ឬរយៈពេលយូរ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែក បញ្ញាស្មារតី និងសុខភាពផ្លូវចិត្ត។
ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍សូមឱ្យបន្តពង្រឹងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនពាក់ព័ន្ធការថែទាំសុខភាពភ្នែកនៅតាមសាលារៀន និងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទដៃដើម្បីជាជំនួយការសិក្សាឱ្យបានត្រឹមត្រូវ ជាពិសេសសាលារៀននៅតំបន់ជនបទដាច់ស្រយាល៕
