លោក ត្រាំ និយាយថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាមៗក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក
បរទេស៖ នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករណ៍ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ «ភ្លាមៗបន្ទាប់ពី» ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ដោយសារទីក្រុងតេហេរ៉ង់កំពុងព្យាយាមជះឥទ្ធិពលលើការបោះឆ្នោត ប៉ុន្តែអ៊ីរ៉ង់នឹងមិនអាចទប់ទល់បានយូរទៀតឡើយចំពោះសម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានមុនពេលចេញដំណើរទៅកាន់សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង Dallas ថា៖ «ខ្ញុំគិតថាសង្គ្រាមនឹងបញ្ចប់ភ្លាមៗបន្ទាប់ពីការបោះឆ្នោត ព្រោះពួកគេមិនអាចទប់ទល់បានយូរទៀតទេ។ ពួកគេកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីជះឥទ្ធិពលលើការបោះឆ្នោត»។
ថ្មីៗនេះ សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់បានឈានចូលដល់ខែទី ៧ ហើយ ដោយមិនទាន់ឃើញមានសញ្ញានៃការបញ្ចប់នៅឡើយទេ។ នៅថ្ងៃពុធ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារនាវាចំនួន ១០ គ្រឿងនៅជិតច្រកសមុទ្រ Hormuz បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ពន្លិចនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង។ ការប្រយុទ្ធគ្នាឡើងវិញនេះបានធ្វើឱ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅ Brent (ស្តង់ដារទីផ្សារ) បានកើនឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីខែកក្កដាមក។
ថ្មីៗនេះ កម្រិតនៃការពេញចិត្តទៅលើលោក ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារការមិនពេញចិត្តរបស់អ្នកបោះឆ្នោតចំពោះសង្គ្រាមជាមួយអ៊ីរ៉ង់ និងវិបត្តិការចំណាយសម្រាប់ជីវភាពរស់នៅដែលកាន់តែធ្ងន់ធ្ងរឡើង។ ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំនេះ ជាធម្មតាត្រូវបានចាត់ទុកថាជាការវាយតម្លៃ ឬការធ្វើប្រជាមតិលើតំណែងរបស់អ្នកដែលកំពុងកាន់តំណែងនៅសេតវិមាន។
ប្រែសម្រួលៈ ណៃ តុលា
