Feature

ជប៉ុន ផ្តល់ឥណទានសម្បទានប្រមាណ ២០០លានដុល្លារ ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា 

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានប្រមាណ ២០០លានដុល្លារ សម្រាប់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃ កម្ពុជា និងលោក ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំ កម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ ចំនួន ៣០ ប៊ីលានយ៉េន (ប្រមាណ២០០ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្ត «គម្រោងគាំទ្របន្ទាន់លើការ ពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»។

គម្រោងនេះមានគោលបំណងគាំទ្រការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកាត់បន្ថយផល ប៉ះពាល់សង្គម-សេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅ ការគ្រប់គ្រងនិងក្នុងអន្តរកាលនៃបញ្ហាថាមពល។

សូមបញ្ជាក់ថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

To Top