បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធ បន្ទាប់ពីមានការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេបំផុតនៅលើពិភពលោក។ ហេតុការណ៍នេះបានបង្កឱ្យមានក្តីបារម្ភជាថ្មីអំពីហានិភ័យចំពោះការផ្គត់ផ្គង់ប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកើតចេញពីជម្លោះជាមួយប្រទេសអ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៤៨ ដុល្លារ ឬ ១,៣% ដល់ ១១៥,៣៦ ដុល្លារក្នុងមួយធុង។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានកើនឡើង ១,២២ ដុល្លារ ឬ ១,២២% ដល់ ១០១,១២ ដុល្លារក្នុងមួយធុង។
ក្រុមហ៊ូទី (Houthis) នៅក្នុងប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានប្រើប្រាស់មីស៊ីលវាយប្រហារលើរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌីត។ សកម្មភាពនេះបង្ហាញពីការកើនឡើងនៃកម្រិតនៃការវាយប្រហារប្រឆាំងនឹងប្រទេសដែលផលិតប្រេងឆៅធំជាងគេទីពីរនៅលើពិភពលោកមួយនេះ។ អាជ្ញាធរសាអូឌីតមិនទាន់បានបញ្ជាក់ភ្លាមៗអំពីការវាយប្រហារលើរោងចក្រដែលមានសមត្ថភាពចម្រាញ់ប្រេង ៥៥០.០០០ ធុងក្នុងមួយថ្ងៃនោះទេ។
តម្លៃប្រេងបានងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះជិត ២ ដុល្លារកាលពីថ្ងៃអង្គារ ដោយសារមានការចរចាមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបានជួយកាត់បន្ថយក្តីបារម្ភអំពីការផ្គត់ផ្គង់៕
ប្រែសម្រួលៈ តុលា
