បរទេស៖ អាជ្ញាធរបានឱ្យដឹងថា ដើមឈើជាច្រើនបានដួលរលំសង្កត់មកលើផ្លូវហាយវេ បង្គោលភ្លើងត្រូវបានដួលរលំ ហើយមនុស្សរាប់ពាន់នាក់បានស្វែងរកទីជម្រកសុវត្ថិភាព ដើម្បីគេចចេញពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយឈ្មោះថា «Arnab» ដែលបានបោកបក់ចូលមកដល់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌានៅថ្ងៃពុធ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា មុនពេលព្យុះនេះមកដល់ មនុស្សជាង ១៨០,០០០ នាក់នៅក្នុងរដ្ឋ Andhra Pradesh និងរដ្ឋ Odisha ត្រូវបានជម្លៀសចេញទៅកាន់ទីតាំងសុវត្ថិភាព។
មិនមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតមនុស្សនៅក្នុងរដ្ឋទាំងពីរនេះទេ ប៉ុន្តែការផ្គត់ផ្គង់អគ្គិសនីត្រូវបានរំខាន ហើយដើមឈើជាច្រើនត្រូវបានដួលរលំ។ សាលារៀនមួយចំនួនត្រូវបានបិទ ហើយសេវាកម្មរថភ្លើង និងជើងហោះហើរមួយចំនួនត្រូវបានលុបចោល។
ទីភ្នាក់ងារឧតុនិយមឥណ្ឌាបានចាត់ថ្នាក់ព្យុះ Arnab ថាជាព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរមួយ (ស្ថិតក្នុងកម្រិតទី ៣ នៃកម្រិតធ្ងន់ធ្ងរបំផុត)។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ព្យុះនេះបានបោកបក់ចូលមកដល់ឆ្នេរសមុទ្រនៃរដ្ឋ Andhra Pradesh កាលពីព្រឹកថ្ងៃពុធ ហើយបន្ទាប់មកចំណុចកណ្តាលនៃព្យុះបានបន្តផ្លាស់ទីចូលទៅក្នុងដីគោកទាំងស្រុង។
ប្រែសម្រួលៈ តុលា
