Feature

លោក ខូយ រីដា ជួបសំណេះសំណាល ផ្តល់អំណោយ និងជូនដំណើរគ្រួសារប្រជាពលរដ្ឋ ១៦គ្រួសារ ឆ្ពោះទៅទទួលយកផ្ទះ និងដីបង្កបង្កើនផល នៅខេត្តស្ទឹងត្រែង

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល ផ្តល់អំណោយឧបត្ថម្ភ និងជូនដំណើរគ្រួសារប្រជាពលរដ្ឋចំនួន ១៦គ្រួសារ មុនពេលចេញដំណើរឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីទទួលយកផ្ទះ និងដីឡូតិ៍សម្រាប់បង្កបង្កើនផល ក្នុងទំហំ ៣ហិកតា ក្នុងមួយគ្រួសារ ក្រោមកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ)។ ពិធីនេះបានប្រព្រឹត្តទៅ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំអំណោយឧបត្ថម្ភ និងសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់គ្រួសារប្រជាពលរដ្ឋទាំង ១៦គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងខែដំបូងនៃការចាប់ផ្តើមជីវភាពរស់នៅទីតាំងថ្មី។ អំណោយដែលគ្រួសារនីមួយៗទទួលបាន រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មុង ២ ភួយ ១ កន្ទេល ១ ថាសដែក ១ និងថវិកាចំនួន ៥០.០០០រៀល។

ការផ្តល់អំណោយ និងសម្ភារៈចាំបាច់ទាំងនេះ គឺជាការរួមចំណែកជួយសម្រួលដល់ការរៀបចំជីវភាពដំបូងរបស់គ្រួសារប្រជាពលរដ្ឋ នៅពេលផ្លាស់ទៅរស់នៅទីតាំងថ្មី និងជួយឱ្យពួកគាត់មានសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ ការផ្តល់ផ្ទះ និងដីសម្រាប់បង្កបង្កើនផល ក្រោមកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) មានគោលបំណងជួយបង្កើតឱកាសក្នុងការប្រកបរបរកសិកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីតាំងថ្មី ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រភពរូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
អត្ថបទដោយ÷ ខេម៉ា / ដើមអម្ពិល

To Top