សណ្ឋាគារចំនួន ១៤៨កន្លែងនៅថៃ ប្រកាសបិទទ្វារក្នុងរយៈពេល ៩ខែ ដោយសារតម្រូវការទេសចរណ៍ធ្លាក់ចុះ
បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវមួយបានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាការបិទទ្វារ អាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅចំនួន ១៤៨កន្លែង ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៦ នេះ ដែលជាតួលេខកើនឡើងរហូតដល់ ៤២% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការបិទទ្វារជាបន្តបន្ទាប់នេះ គឺបណ្តាលមកពីតម្រូវការ ទេសចរណ៍មានភាពទន់ខ្សោយ ការប្រកួតប្រជែងកាន់តែខ្លាំងក្លា និងការកើនឡើង នៃចំណាយប្រតិបត្តិការ ដែលបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់វិស័យមួយនេះ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn Research Center (KResearch) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានបង្ហាញថា អត្រាការជួលបន្ទប់ស្នាក់នៅទូទាំងប្រទេស បានកើនឡើងត្រឹមតែ ០,១៨% ប៉ុណ្ណោះ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៦ បើធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះ ការចុះបញ្ជីអាជីវកម្មថ្មីក៏មានការថយចុះផងដែរ ដោយមានអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅថ្មីត្រឹមតែ ៧៧៩កន្លែង ប៉ុណ្ណោះដែលត្រូវបានបង្កើតឡើងចន្លោះពីខែមករាដល់ខែកញ្ញា ដែលតួលេខនេះបានធ្លាក់ចុះ ៣១,២% បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដដែល។
ទោះបីជាជួបប្រទះនឹងការលំបាកក៏ដោយ ទីផ្សារសណ្ឋាគារ និងកន្លែងស្នាក់នៅរបស់ប្រទេសថៃ ត្រូវបានគេព្យាករណ៍ថានឹងអាចរកចំណូលបានរហូតដល់ ១,១ទ្រីលានបាត (ប្រមាណ ៣៤ប៊ីលានដុល្លារអាមេរិក) នៅឆ្នាំ ២០២៦ នេះ ដែលកើនឡើង ២,៦% ធៀបនឹងឆ្នាំ ២០២៥។
យោងតាមការចុះផ្សាយរបស់កាសែត The Nation Thailand អ្នកជំនាញក្នុងវិស័យឧស្សាហកម្មនេះ បានលើកឡើងថា វិស័យសណ្ឋាគារកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង ដោយសារតែតម្រូវការទេសចរណ៍នៅមានកម្រិតទាប ការប្រកួតប្រជែងកាន់តែស្រួចស្រាល់ និងថ្លៃដើមប្រតិបត្តិការខ្ពស់។
មជ្ឈមណ្ឌល KResearch បានព្យាករណ៍ថា ប្រទេសថៃនឹងស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៣១,៤ លាននាក់ក្នុងឆ្នាំ ២០២៦ នេះ ដែលនឹងធ្លាក់ចុះ ៤% បើធៀបនឹងឆ្នាំ ២០២៥ ហើយតួលេខនេះស្មើនឹងប្រហែល ៧៩% នៃកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០១៩ ប៉ុណ្ណោះ។
ក្រុមហ៊ុនស្រាវជ្រាវដដែលនេះ បានបញ្ជាក់ពីមូលហេតុ នៃការងើបឡើងវិញយឺតយ៉ាវនេះថា បណ្តាលមកពីការប្រកួតប្រជែង យ៉ាងខ្លាំងក្លាពីគោលដៅទេសចរណ៍ផ្សេងទៀត ភាពទន់ខ្សោយនៃសេដ្ឋកិច្ចនៅក្នុងប្រទេសប្រភពភ្ញៀវទេសចរ ក្តីបារម្ភអំពីសុវត្ថិភាព និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាដើម។
ជាក់ស្តែង ស្ថានទូតចិនប្រចាំប្រទេសថៃ ថ្មីៗនេះបានចេញសេចក្តីណែនាំសុវត្ថិភាព បន្ទាន់មួយសម្រាប់ប្រជាពលរដ្ឋខ្លួន ដែលធ្វើដំណើរ ឬរស់នៅក្នុងប្រទេសថៃ បន្ទាប់ពីមានការកើនឡើងនៃករណីពលកម្មបង្ខិតបង្ខំ ការជួញដូរមនុស្ស និងការបោកប្រាស់ផ្តល់ការងារក្លែងក្លាយ។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសជិតខាងដូចជា ម៉ាឡេស៊ី និងវៀតណាម កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការបើកជើងហោះហើរត្រង់ទៅកាន់តំបន់អាស៊ី និងអឺរ៉ុប ព្រមទាំងបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការផងដែរ។
សូមរំលឹកថា ប្រទេសថៃ ដែលជាប្រទេសមានអ្នកទៅទស្សនាច្រើនជាងគេទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែ ២៣,៤ លាននាក់ប៉ុណ្ណោះក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ ៣,៨៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណា ប្រទេសនេះនៅតែរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យបានដល់ ៣៣លាននាក់ នៅចុងឆ្នាំនេះ៕
ប្រែសម្រួល៖ គីរី
