លោក អុឹម សុផាន់ ដឹកនាំក្រុមការងារ ចុះចែកសម្ភារៈសិក្សាជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាត្រពាំងស្មាច ដើម្បីរួមចំណែក លើកកម្ពស់វិស័យអប់រំ
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោក អុឹម សុផាន់ អនុប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកសៀវភៅជូនដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ សរុបចំនួន ៤៦១នាក់ នៅសាលាបឋមសិក្សា ត្រពាំងស្មាច ស្ថិតក្នុងភូមិត្រពាំងស្មាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សកម្មភាពចុះចែកសៀវភៅ ប៊ិច ខ្មៅដៃ នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរដល់វិស័យអប់រំ ព្រមទាំងជាការរួមចំណែក ជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។
ជាមួយគ្នានេះ ការផ្តល់សម្ភារៈសិក្សា ក៏ជាការបង្ហាញពីស្មារតីចូលរួម ចំណែកក្នុងការជំរុញវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងបង្កើតឱកាស ឱ្យកុមារគ្រប់រូបទទួលបានការសិក្សារៀនសូត្រប្រកបដោយគុណភាព ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ការយកចិត្តទុកដាក់លើវិស័យអប់រំ គឺជាការវិនិយោគដ៏មានតម្លៃ សម្រាប់អនាគតកូនចៅ និងការអភិវឌ្ឍប្រទេសជាតិ។










អត្ថបទនេះដោយ ÷ ខេម៉ា / ដើមអម្ពិល
