Feature

អាល្លឺម៉ង់ បន្តគាំទ្រកម្ពុជា លើការលើកកម្ពស់ភាព ប្រកួតប្រជែងឧស្សាហកម្ម និងអភិវឌ្ឍសហគ្រាស

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ តុលា បានទទួលជួបលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រ សហគ្រាសក្នុងស្រុក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព និងជំរុញការវិនិយោគ ។

លោក រដ្ឋមន្ត្រី បានកោតសរសើរដល់រដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះភាពជាដៃគូដ៏រឹងមាំ តាមរយៈអង្គការ GIZ និងវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) លើការអភិវឌ្ឍសហគ្រាស ស្តង់ដា និងមាត្រាសាស្ត្រ ។

លោក រដ្ឋមន្ត្រី ក៏បានលើកឡើង ពីកិច្ចខិតខំពង្រីកថ្នាលព័ត៌មានឌីជីថល KhmerSME និងសេវាប្រឹក្សាតាមប្រព័ន្ធអនឡាញ ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង សេវាគាំទ្រតាមទូរសព្ទ ១២៦៥ ដើម្បីជួយឱ្យសហគ្រាសទូទាំងប្រទេស អាចទទួលបានព័ត៌មាន ដោយមិនចាំបាច់ធ្វើដំណើរ។

លោក បានលើកឡើងថា «ឌីជីថលូបនីយកម្មមិនមែនគ្រាន់តែជានិន្នាការទេ ប៉ុន្តែជាកត្តាចាំបាច់ សម្រាប់ការរស់រានរបស់អាជីវកម្មក្នុងទីផ្សារសកល។ យើងចង់ឃើញសហគ្រាសធុនតូច និងមធ្យមរបស់យើងមានសមត្ថភាពប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក តំបន់ និងទីផ្សារពិភពលោក»។

លោក បានគូសបញ្ជាក់ថា ការពង្រឹងឧស្សាហកម្មក្នុងស្រុកនឹងជួយឱ្យកម្ពុជាឆ្លើយតបនឹងតម្រូវការទីផ្សារ តភ្ជាប់ជាមួយគម្រោងវិនិយោគពីបរទេស និងរក្សាកំណើនប្រកបដោយចីរភាព ខណៈកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។

លោកស្រី ឯកអគ្គរដ្ឋទូត Silke Röfer ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការជំរុញឱ្យក្រុមហ៊ុនអាល្លឺម៉ង់ កាន់តែច្រើនមកស្វែងយល់ ពីឱកាសវិនិយោគនៅកម្ពុជា។ លោកស្រី ឯកអគ្គរដ្ឋទូត បានលើកឡើង ពីសារសំខាន់នៃដំណើរទស្សនកិច្ចធុរកិច្ចអាល្លឺម៉ង់ ដើម្បីជួយឱ្យពួកគេវាយតម្លៃឱកាសនៅកម្ពុជា ដោយបញ្ជាក់ថា៖ “ការមកឃើញផ្ទាល់ ទទួលបទពិសោធន៍ផ្ទាល់ និងជួបមនុស្សដោយផ្ទាល់ គឺកាន់តែប្រសើរ៕

To Top