Feature

រដ្ឋមន្ដ្រីអប់រំ លើកទឹកចិត្តក្រសួងស្ថាប័ន ចែករំលែកបទពិសោធ ដើម្បីកែលម្អយន្តការអភិវឌ្ឍការសិក្សាពេញមួយជីវិត

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការសិក្សាពេញមួយជីវិត បានលើកទឹកចិត្តគ្រប់ក្រសួងស្ថាប័ន ចែករំលែកបទពិសោធ ដើម្បីផ្តល់ធាតុចូលបន្ត កែលម្អយន្តការអភិវឌ្ឍការសិក្សាពេញមួយជីវិត។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងពិធីបើកកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ) ស្ដីពី «ការផ្សព្វផ្សាយវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត» នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើកកម្ពស់ការសិក្សាពេញមួយជីវិត ដែលផ្តោតលើការ អភិវឌ្ឍបំណិនបច្ចេកទេសវិជ្ជាជីវៈ បំណិនទន់ ផលិតភាពការងារ និងគុណភាពជីវិត តាមគ្រប់មធ្យោបាយសមស្រប ជាពិសេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីគាំទ្រនិងពង្រីកឱកាសសិក្សារៀនសូត្រឱ្យកាន់តែទូលំទូលាយ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ដោយមានចក្ខុវិស័យ អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សូមលើកទឹកចិត្តគ្រប់ក្រសួងស្ថាប័នទាំងអស់ ផ្តល់កិច្ចពិភាក្សា ចែករំលែកបទពិសោធ និងព័ត៌មាន តាមជំនាញរបស់ខ្លួន ដើម្បីផ្តល់ធាតុចូលបន្តកែលម្អយន្តការ អភិវឌ្ឍការសិក្សាពេញមួយជីវិត ឆ្លើយតបនឹងបរិបទសង្គមជាក់ស្តែង និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត»៕

To Top