៩ខែ កម្ពុជា សម្រួលបែបបទជូនពលរដ្ឋ និងរឹតបន្តឹងឈានទៅទប់ស្កាត់ ឃាត់ខ្លួនអ្នកបម្រុងនឹងឆ្លងដែនខុសច្បាប់ជិត ៣ពាន់លើក
ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា បានសម្រួលបែបបទចេញទៅ ធ្វើការស្របច្បាប់ នៅក្រៅប្រទេស តាមរយៈក្រុមហ៊ុននានា ជូនប្រជាពលរដ្ឋខ្មែរសរុប៥.៤១០នាក់ ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ផ្ដល់មកកាន់ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ក្នុងរយៈពេលដូចគ្នានោះ អគ្គនាយកដ្ឋាន ក៏បានទទួលពលរដ្ឋខ្មែរ ដែលអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញ សរុប៥.៥៦៨នាក់ ក្នុងនោះមកពីប្រទេសថៃ៤.៤៧៧នាក់ ម៉ាឡេស៊ី៣៨៧នាក់ ចិន៣៣៤នាក់ សាធារណរដ្ឋកូរ៉េ១៩៩នាក់ សហរដ្ឋអាម៉េរិក៥៦នាក់ វៀតណាម៥៦នាក់ សិង្ហបុរី៣១នាក់ ជប៉ុន១៤នាក់ ហ្វីលីពីន៨នាក់ ឡាវ៣នាក់ និងកាណាដា៣នាក់ ។
ទន្ទឹមគ្នានោះ មន្ត្រីអន្តោប្រវេសន៍កម្ពុជា បានទប់ស្កាត់ពលរដ្ឋខ្មែរ ២១៨នាក់ មិនឱ្យធ្វើដំណើរចាកចេញពីប្រទេស បន្ទាប់ពី សង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។
ក្នុងស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់មន្ត្រីនគរបាលប្រចាំការ នៅតាមបណ្ដាច្រកទ្វារព្រំដែន ក្នុងរយៈពេល៩ខែដូចគ្នានេះ សមត្ថកិច្ចបានត្រួតពិនិត្យបែបបទចេញ-ចូលប្រទេស យ៉ាងតឹងរឹងបំផុត ហើយជាលទ្ធផល បានរកឃើញបទល្មើស សរុប២.៩២១លើក មានមនុស្ស៥.២៦២នាក់ ស្មើនឹង៩៣សញ្ជាតិ ក្នុងនោះបទល្មើស ដែលចូលប្រទេសកម្ពុជា មាន២.២៨៧លើក ស្មើនឹងមនុស្ស៤.២៧១នាក់ មកពី៨៩សញ្ជាតិ។
ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន បញ្ជូនទៅតុលាការ១០៣នាក់ និងចាត់វិធានការបញ្ជូន ត្រឡប់ទៅវិញ៤.១៦៨នាក់។ ចំពោះជនសង្ស័យជាង៤ពាន់នាក់ទៀតនោះ សមត្ថកិច្ចបានរកឃើញជាអាទិ៍ មានឈ្មោះក្នុងបញ្ជីមុខសញ្ញា ប្រើប្រាស់លិខិតឆ្លងដែន ក្លែងក្លាយ ប្រើប្រាស់ស្ទីកគ័រក្លែងក្លាយ ប្រថាប់ត្រាចេញ ចូលក្លែងក្លាយ ទិន្នន័យលើលិខិតឆ្លងដែនក្លែងក្លាយ ពុំមានគោលបំណង ធ្វើដំណើរច្បាស់លាស់ និងលិខិតឆ្លងដែនពុំមានសុពលភាព ។
ដោយឡែកបទល្មើសពាក់ព័ន្ធការឆ្លងដែន ដោយខុសច្បាប់ចេញពីប្រទេស មាន៦៣៤លើក ស្មើនឹងមនុស្ស៩៩១នាក់ ត្រូវនឹង២០សញ្ជាតិ ក្នុងនោះ មន្ត្រីអន្តោប្រវេសន៍បានឃាត់ដំណើរមិនឱ្យចេញ និងបញ្ជូនទៅតុលាការ២៧០នាក់ ព្រមទាំងបញ្ជូនអ្នកដំណើរមួយចំនួនទៀតដែលត្រូវបានរកឃើញថាជាជនរងគ្រោះឱ្យត្រឡប់ទៅលំនៅឋានវិញមាន៧២១នាក់។ អ្នកពាក់ព័ន្ធទាំងអស់នេះ ត្រូវបានរកឃើញថា មានឈ្មោះ ក្នុងបញ្ជីមុខសញ្ញា រត់ពន្ធមនុស្ស ពុំមានគោលបំណង ច្បាស់លាស់ ស្នាក់នៅលើសទិដ្ឋាការ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រថាប់ត្រាចេញ-ចូលក្លែងក្លាយ និងមិនមានទិដ្ឋាការចូលមកកម្ពុជាជាដើម។
ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង ច្រកទ្វារព្រំដែន បច្ចុប្បន្នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលប្រទេសកម្ពុជា Cambodia e-Arrival ប្រព័ន្ធ Cambodia v-Pass ជំនួសការប្រើប្រាស់ត្រាជំនាញឬស្ទីកគ័រ QRកូដ សម្រាប់អ្នកដំណើរទាំងអស់ ដែលចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធនេះកំពុងដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិទាំង៣៕
