រដ្ឋមន្រ្តីសុខាភិបាល “ធ្វើឱ្យបាន” ជាការប្តេជ្ញាចិត្ត ជំរុញការងារត្រួតពិនិត្យ ផលិតផលថ្នាំជក់ឱ្យកាន់តែប្រសើរ
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា “ធ្វើឱ្យបាន” គឺជាការប្តេជ្ញាចិត្ត ក្នុងការជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ឱ្យបានកាន់តែប្រសើរឡើង ដើម្បីការពារមនុស្សជំនាន់នេះ និងជំនាន់ក្រោយពីហានិភ័យនៃការប្រើប្រាស់ ផលិតផលថ្នាំជក់ និងការស្រូបផ្សែងផលិតផលថ្នាំជក់។

ក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលថ្នាំជក់ សាស្រ្តាចារ្យ ឈាង រ៉ា
អំពាវនាវដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធ រួមគ្នាបន្តអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់បន្ថែមទៀត ពិនិត្យ លើបញ្ហាប្រឈម នៃការអនវុត្តអន្តរាគមន៍កន្លងមក កំណត់នូវអាទិភាព យន្តការ និងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីការពារមនុស្សជំនាន់នេះ និងជំនាន់ថ្មីពីហានិភ័យ នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងការស្រូបផ្សែងផលិតផលថ្នាំជក់ ។
រដ្ឋមន្រ្តីបន្តថា រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រើប្រាស់ផែនការយុទ្ធសាស្ត្រ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ២០២៧-២០៣១ ដើម្បីធ្វើផែនការប្រចាំឆ្នាំដោយដាក់បញ្ចូលសកម្មភាពការងារ ត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាព។ ក្នុងនោះ ជំរុញការតាមដាន និងអនុវត្តជាប្រចាំ នូវការបង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និង ក្លែងក្លាយ និងបារី អេឡិចត្រូនិក ដោយពង្រឹងកិច្ចសហការរវាងស្ថាប័ន មានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងការតាមដាន និងចាត់វិធានការបង្ក្រាប ទីតាំងផលិតស្តុកទុក និងចែកចាយផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ និងបារីអេឡិចត្រូនិក។

រដ្ឋមន្រ្តីបន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការ តាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ការបោះពុម្ពសារព្រមានសុខភាពជារូបភាព និងភាសាខ្មែរលើកញ្ចប់ផលិតផលថ្នាំជក់ និងវិធានការហាមជក់ ឬបង្ហុយផ្សែងថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។
សាស្រ្តាចារ្យ ឈាង រ៉ា ស្នើបន្តជំរុញការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកឱ្យបានទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋ បង្កើនការយល់ដឹង និងលើកទឹកចិត្តឱ្យជៀសវាងការចាប់ផ្តើមប្រើប្រាស់ ឬលះបង់ការប្រើប្រាស់។ ជាមួយគ្នានេះ ត្រូវពង្រឹងការអនុវត្តបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា តាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីការពារកុមារ និងយុវជនពីផលិតផលដែលបង្កហានិភ័យដល់សុខភាព៕








