Feature

ប្តីកំណាច ដែលជាឃាតក វាយសម្លាប់ប្រពន្ឋ យ៉ាងសាហាវឃោរឃៅ ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាព រយៈពេល៧ម៉ោង

តាកែវ៖ កម្លាំងអធិការដ្ឋានន គរបាលស្រុកត្រាំកក់ នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ បានបង្ហាញនូវស្នាដៃ បង្ក្រាបបទល្មើសយ៉ាងក្តៅគគុក និងឆាប់រហ័សបំផុត ដោយចំណាយពេលមិនដល់៧ម៉ោងផង ឈានដល់ការវែកមុខ និងឃាត់ខ្លួនឃាតករដៃឆៅ ដែលត្រូវជាប្តី វាយសម្លាប់ប្រពន្ធរបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ ដោយខ្នងពូថៅ។ នេះបើយោងតាមស្នងការខេត្តតាកែវ។

ហេតុការណ៍ឃាតកម្មដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងផ្ទះទាមបេតុងប្រក់ស័ង្កសីមួយកន្លែង ក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ អ៊ែល ម៉ារីយ៉ាស់ (ហៅនីតា) ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកឯជនសង្ស័យជាប្តីមានឈ្មោះ ណុប ស៊ុនហាក់ ភេទប្រុស អាយុ ៣០ឆ្នាំ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ដោយមិនទុកឱ្យឃាតករមានឱកាសគេចខ្លួនឡើយ។

តាមការពិនិត្យយ៉ាងល្អិតល្អន់របស់គណៈកម្មាធិការមូលដ្ឋាន និងគ្រូពេទ្យជំនាញ បានរកឃើញស្នាមរបួសធ្ងន់ធ្ងរជាច្រើនកន្លែងលើសាកសព ដូចជា៖ ស្នាមរបួសមុតចូលជ្រៅនៅថ្ងាសលើចិញ្ចើមឆ្វេង, ស្នាមជាំក្នុងរង្វង់ភ្នែកស្តាំ និងបបូរមាត់, របួសមុតចូលក្បាលផ្នែកខាងស្តាំ និងខាងក្រោយ, ស្នាមជាំខ្មៅលើដើមទ្រូង និងស្នាមរបួសត្រង់កែងជើង ដែលបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះត្រូវបានវាយធ្វើទារុណកម្មនឹងវត្ថុរឹងយ៉ាងដំណំរហូតដល់ស្លាប់។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាប្តី នៅវេលាម៉ោង ១២ និង ១៥នាទីថ្ងៃត្រង់ នាថ្ងៃដដែលនោះតែម្តង។ នេះសបញ្ជាក់ឱ្យឃើញពីចំណាត់ការយ៉ាងរហ័ស ទាន់ពេលវេលា និងជំនាញស៊ើបអង្កេតដ៏មុតស្រួចរបស់កងកម្លាំងនគរបាល ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ណុប ស៊ុនហាក់ បានព្រមឆ្លើយសារភាពថា ខ្លួនពិតជាបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រួចក៏ទប់កំហឹងមិនបាន ទាញយកដងពូថៅឈើ (គ្មានផ្លែ) វា.យសន្ធាប់ទៅលើប្រពន្ធបណ្ដាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័មនៅលើគ្រែក្នុងផ្ទះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ជោគជ័យនៃការបង្ក្រាបដ៏ឆាប់រហ័សនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជន និងបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កងកម្លាំងនគរបាលខេត្តតាកែវ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

To Top