ចិន អះអាងថា ប្រទេសជប៉ុន គឺជាការគំរាមកំហែងពិតប្រាកដមួយ ចំពោះសន្តិសុខក្នុងតំបន់
ប៉េកាំង៖ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឧ្យដឹងថា ប្រទេសជប៉ុន បានទាក់ទាញ និងសម្របតាមបណ្តាប្រទេសក្រៅតំបន់ ដើម្បីធ្វើអ្វីដែលហៅថា «សមយុទ្ធរួម» ព្រមទាំងបានអភិវឌ្ឍ និងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ។
លើសពីនេះ ជប៉ុន បានបន្តពង្រឹងការដាក់ពង្រាយយោធានៅតាមកោះភាគនិរតីរបស់ខ្លួន និងពន្លឿនដំណើរការយោធាភាវូបនីយកម្មឡើងវិញ ដែលធ្វើឱ្យប្រទេសនេះក្លាយជាការគំរាមកំហែងពិតប្រាកដមួយចំពោះសន្តិសុខក្នុងតំបន់។
លោកបានលើកឡើងបែបនេះ ខណៈឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីសមយុទ្ធរួមទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងជប៉ុន នាពេលថ្មីៗនេះ ដែលផ្តោតលើប្រតិបត្តិការដណ្តើមកាន់កាប់កោះ ដោយមានការដាក់ពង្រាយកងទ័ពអាមេរិកនៅលើកោះមួយរបស់ជប៉ុន ដែលមានទីតាំងនៅជិតកោះតៃវ៉ាន់។
លោកបានលើកឡើងថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាទីតាំងដ៏សំខាន់ សម្រាប់សន្តិភាព និងការអភិវឌ្ឍ។ អ្នកដែលដើរតាមនិន្នាការសន្តិភាពនឹងអាចទៅបានឆ្ងាយ ខណៈដែលអ្នកដែលទទូចចង់បង្កឱ្យមានការប្រឈមមុខដាក់គ្នាជាប្លុក នឹងមិនទទួលបានការគាំទ្រឡើយ។
លោកបានបញ្ជាក់ថា៖ «បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ។ យើងនឹងមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកជ្រៀតជ្រែកក្នុងតំបន់តៃវ៉ាន់របស់ចិនឡើយ»។
លោកបានព្រមានថា នរណាក៏ដោយដែលព្យាយាមប្រើប្រាស់តៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន ហើយថែមទាំងហ៊ានធ្វើសកម្មភាពហួសព្រំដែនតាមរយៈការបង្កហេតុផ្នែកយោធា នោះនឹងត្រូវទទួលរងនូវផលវិបាកធ្ងន់ធ្ងរដែលមិនអាចទ្រាំទ្របានជាមិនខាន៕
ប្រែសម្រួល ឈូក បូរ៉ា
