ប្រភពព័ត៌មាន ៖ មន្ត្រីនៃមន្ទីរបញ្ចកោណអាមេរិក ស្នើឱ្យមេដឹកនាំអឺរ៉ុប បន្ថយវោហាសាស្រ្តវាយប្រហារលើរុស្ស៊ី
បរទេស៖ ប្រភពចំនួនបួន ដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីនៃមន្ទីរបញ្ចកោណអាមេរិក បានស្នើទៅកាន់ប្រទេស ជាសមាជិកអង្គការណាតូ (NATO) មួយចំនួន ឱ្យកាត់បន្ថយភាពតឹងរ៉ឹងនៃការប្រើប្រាស់ពាក្យសម្តីទាក់ទងនឹងការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី។ ពួកគេបានលើកឡើងថា សេចក្តីថ្លែងការណ៍ មួយចំនួនពីសំណាក់មេដឹកនាំ និងមន្ត្រីអឺរ៉ុប បានធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខនៅក្នុងទ្វីបនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ប្រភពទាំងនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ប្រទេសដែលទទួលបានសំណើឱ្យមានការប្រុងប្រយ័ត្នចំពោះការថ្លែងជាសាធារណៈនោះ រួមមានប្រទេសលីទុយអាណានី (Lithuania) ឡាតវី (Latvia) និងប្រទេសអេស្តូនី (Estonia)។ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើសំណើទាំងនេះ ដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី ត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលអឺរ៉ុបផ្សេងទៀតដែរឬទេ។
សំណើរបស់សហរដ្ឋអាមេរិកនេះ កើតឡើងក្នុងពេល ដែលរដ្ឋបាលរបស់លោក ត្រាំ (Trump) កំពុងចាប់ផ្តើមឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យមានការចរចាបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន ដែលបច្ចុប្បន្នបានអូសបន្លាយចូលដល់ឆ្នាំទី ៥ ហើយ។ គំនិតផ្តួចផ្តើមថ្មីនេះ រួមបញ្ចូលទាំងការផ្តល់ការលើកទឹកចិត្តដល់រុស្ស៊ី ដូចជាការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ជាដើម ព្រមទាំងការដាក់សម្ពាធលើអ៊ុយក្រែន ឱ្យបញ្ឈប់ការវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី។
នៅពេលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើរឿងនេះ មន្ត្រីម្នាក់ នៃក្រសួងសង្គ្រាមអាមេរិកបាននិយាយថា៖ «ការសន្ទនាផ្ទៃក្នុងរវាងសម្ព័ន្ធមិត្ត គឺជារឿងផ្ទៃក្នុងតែប៉ុណ្ណោះ ដូច្នេះយើងនឹងមិនធ្វើអត្ថាធិប្បាយ លើការចោទប្រកាន់ទាំងនេះទេ»។
ប្រែសម្រួលៈ តុលា
