ព័ត៌មានអន្តរជាតិ

ចិនធ្វើការល្បាតកងទ័ពជើងទឹក និងកងទ័ពអាកាស ត្រៀមប្រយុទ្ធនៅជុំវិញថ្មប៉ប្រះទឹកដែលមានជម្លោះ ជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

បរទេស ៖ កងទ័ពចិនបានប្រកាសនៅថ្ងៃសុក្រនេះថា កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួន បានធ្វើការល្បាត ដើម្បីត្រៀមប្រយុទ្ធនៅជុំវិញតំបន់ Scarborough Shoal ដែលជាចំណុចក្តៅ នៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅក្នុងសមុទ្រចិនខាងត្បូងអស់រយៈពេលជាយូរមកហើយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា បញ្ជាការដ្ឋានភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតទាំងនេះគឺជា «វិធានការតបតដ៏ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរំលោភសិទ្ធិ និងសកម្មភាពបង្កហេតុរបស់ប្រទេសហ្វីលីពីន» ហើយខ្លួនបានពង្រឹងសកម្មភាពល្បាតទាំងនេះបន្ថែមទៀតនៅក្នុងខែនេះ។

ចំណែកស្ថានទូតហ្វីលីពីន ប្រចាំទីក្រុងប៉េកាំង និងកងទ័ពហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

សូមជម្រាបថា ភាពតានតឹងរវាងចិន និងហ្វីលីពីន បានផ្ទុះឡើងវិញនៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ASEAN) រយៈពេលពីរថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ ដោយទីក្រុងប៉េកាំងបានចោទអ្នកនយោបាយហ្វីលីពីនម្នាក់ (ដែលមិនបានបញ្ចេញឈ្មោះ) ថាបានរារាំងការចូលរួមរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ ចំណែកឯទីក្រុងម៉ានីលវិញ បានលើកឡើងថា ប្រទេសចិនត្រូវបានផ្តល់ឱកាសរួចហើយនៅក្នុងកិច្ចប្រជុំនោះ ដើម្បីថ្លែងពីជំហររបស់ខ្លួន។
ប្រែសម្រួលៈ តុលា

To Top