បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ) បានខាតបង់ទ្រព្យសម្បត្តិចំនួន ២,៦ ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកបានធ្លាក់ចុះ ៣% កាលពីថ្ងៃពុធ មកនៅត្រឹម ៧៩,៩ ពាន់លានដុល្លារអាមេរិក។
ការធ្លាក់ចុះនេះ បានធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីដែលខាតបង់ទ្រព្យសម្បត្តិធំបំផុតទី៣ នៅលើពិភពលោកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយឈរតាមពីក្រោយមហាសេដ្ឋីរថយន្តអគ្គិសនីលោក Elon Musk ដែលបានខាតបង់ ១៨,៤ ពាន់លានដុល្លារ និងមហាសេដ្ឋីបណ្តាញសង្គមលោក Mark Zuckerberg ដែលបានខាតបង់ ២,៦ ពាន់លានដុល្លារ។
កាលពីថ្ងៃពុធ ក្រុមហ៊ុនទូរគមនាគមន៍និងឌីជីថល Reliance Jio Platforms របស់លោក បានមើលឃើញកំណើនភាគហ៊ុនឡើងដល់ ២៧% នៅក្នុងការបង្ហាញខ្លួនលើកដំបូងនៅទីក្រុងបុមបៃ។ ព្រឹត្តិការណ៍នេះបានប្រែក្លាយ Jio ទៅជាក្រុមហ៊ុនធំបំផុតទី២ របស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ បន្ទាប់ពីការធ្វើ IPO ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសឥណ្ឌា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters តម្លៃប៉ាន់ស្មានរបស់ក្រុមហ៊ុន Jio ដែលមានប្រមាណ ១៣៧ ពាន់លានដុល្លារ ក៏បានជួយរុញតម្លៃទីផ្សាររួមបញ្ចូលគ្នានៃក្រុមហ៊ុនចម្រុះ Reliance ទាំងមូលឱ្យឡើងដល់ ៣២០ ពាន់លានដុល្លារផងដែរ ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនកំពូលរបស់ឥណ្ឌា ដោយវ៉ាដាច់ក្រុមហ៊ុន Tata Group ដែលរកស៊ីតាំងពីអំបិលរហូតដល់អាកាសចរណ៍។
ការចុះបញ្ជីក្រុមហ៊ុន Jio ដែលជាការចុះបញ្ជីលើកដំបូងសម្រាប់ក្រុមហ៊ុនចម្រុះ Reliance ក្នុងរយៈពេលពីរទសវត្សរ៍នេះ គឺជាការជំរុញផែនការរបស់លោក Ambani ក្នុងការប្រែក្លាយ Reliance ពីក្រុមហ៊ុនចម្រុះប្រេងនិងគីមី ទៅជា "ក្រុមហ៊ុនគ្រប់តម្រូវការ" (Everything company) ដែលគ្របដណ្តប់លើផលិតផលប្រើប្រាស់ និងបច្ចេកវិទ្យា។
ពិធីចុះបញ្ជីកាលពីថ្ងៃពុធនៅទីក្រុងបុមបៃ មានការចូលរួមពីសមាជិកគ្រួសារ Ambani រួមទាំងកូនប្រុសច្បងរបស់លោក Mukesh គឺលោក Akash ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jio ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនរបស់ក្រុមហ៊ុន Reliance Industries បានធ្លាក់ចុះ ២% ដោយបិទក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជិតបីឆ្នាំ។ ភាគហ៊ុននេះបានធ្លាក់ចុះ ២៦,៥% គិតចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន (Year to date) ដែលជាកត្តាទាញទម្លាក់ទ្រព្យសម្បត្តិសុទ្ធរបស់លោក Ambani។ តាមសេចក្តីរាយការណ៍ គ្រួសាររបស់លោកគ្រប់គ្រងចំណែកភាគហ៊ុន ៥០% នៅក្នុងក្រុមហ៊ុននេះ។
យោងតាមសារព័ត៌មាន The Economic Times ដំណើរការទីផ្សារភាគហ៊ុននេះ បានកើតឡើងចំពេលដែលមានភាពប្រែប្រួលនៅក្នុងទីផ្សារភាគហ៊ុនឥណ្ឌា ភាពមិនប្រាកដប្រជានៅក្នុងទីផ្សារថាមពល និងក្តីបារម្ភជុំវិញកំណើនសេដ្ឋកិច្ចសកល។
បច្ចុប្បន្ន នៅក្នុងតំបន់អាស៊ី លោក Ambani ឈរនៅលេខរៀងទី២ ទាក់ទងនឹងទ្រព្យសម្បត្តិ ដោយតាមពីក្រោយសហស្ថាបនិកក្រុមហ៊ុន TikTok លោក Zhang Yiming ដែលគ្រប់គ្រងទ្រព្យសកម្មចំនួន ៨៤ ពាន់លានដុល្លារ។
ប្រែសម្រួល៖ គីរី
