ព័ត៌មានអន្តរជាតិ

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ រាយការណ៍ពីការឆេះកប៉ាល់ ដឹកប្រេងចំនួន២គ្រឿង នៅច្រកសមុទ្រ Hormuz ខណៈកិច្ចចរចានៅតែបន្ត

​បរទេស៖ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៣០ ខែតុលា ថា កប៉ាល់ដឹកប្រេងចំនួន២គ្រឿង បានជួបប្រទះហេតុការណ៍ឆាបឆេះ និងត្រូវបានបញ្ឈប់នៅភាគខាងត្បូង នៃច្រកសមុទ្រ Hormuz បន្ទាប់ពីព្យាយាមបើកបរឆ្លងកាត់ខ្សែទឹកដែលទីក្រុង តេហេរ៉ង់ចាត់ទុកថាគ្មានការអនុញ្ញាត នៅប៉ែកខាងកើតនិងខាងលិច នៃច្រកសមុទ្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews  ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

​យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ កងឆ្មាំបដិវត្តន៍បានអះអាងថា កប៉ាល់ទាំងនោះបានបិទប្រព័ន្ធរុករក និងកំណត់ទីតាំងរបស់ពួកគេ ហើយព្យាយាមចាកចេញពីច្រកសមុទ្រនេះ តាមរយៈផ្លូវដែលទីក្រុងតេហេរ៉ង់ប្រឆាំង ដោយមានការគាំទ្រពីយោធាសហរដ្ឋអាមេរិក។ កងឆ្មាំបានបញ្ជាក់ថា កប៉ាល់ទាំងនេះនៅតែបន្តធ្វើដំណើរ ទោះបីជាមានការព្រមានតាមវិទ្យុទាក់ទងជាច្រើនដងក៏ដោយ មុនពេលជួបបញ្ហានៅក្នុងតំបន់ ដែលខ្លួនចាត់ទុកថាមិនមានសុវត្ថិភាព។ យ៉ាងណាមិញ មិនមានការបញ្ជាក់លម្អិតអំពីអត្តសញ្ញាណ ទង់ជាតិ មូលហេតុច្បាស់លាស់នៃឧបទ្ទវហេតុ ឬស្ថានភាពរបស់នាវិកនៅលើកប៉ាល់នោះទេ។

​ហេតុការណ៍នេះកើតឡើងស្របពេលដែលអ្នកសម្របសម្រួលកាតា បានត្រឡប់ទៅកាន់ទីក្រុងតេហេរ៉ង់វិញកាលពីថ្ងៃសុក្រ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

​នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយទៀត ដែលមិនទាន់ដឹងច្បាស់ថាមានការពាក់ព័ន្ធ នឹងការអះអាងរបស់កងឆ្មាំបដិវត្តន៍ឬយ៉ាងណានោះ ស្ថាប័នប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រចក្រភពអង់គ្លេស (UKMTO) បានរាយការណ៍ថា មានទូកតូចមួយបានចូលទៅជិតកប៉ាល់ដឹកប្រេងមួយគ្រឿងកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានបិទឧបករណ៍ផ្ទុះចំនួន២ នៅលើតួកប៉ាល់ខាងលើផ្ទៃទឹក។ ឧបករណ៍ទាំងនោះបានផ្ទុះឡើង បង្កជាអគ្គិភ័យនៅក្នុងបន្ទប់ម៉ាស៊ីន និងធ្វើឱ្យកប៉ាល់លែងដំណើរការជាបណ្តោះអាសន្ន។ កាសែត Financial Times បានបញ្ជាក់ថា កប៉ាល់នោះមានឈ្មោះថា Louise 1 ដោយហេតុការណ៍នេះកើតឡើងនៅចម្ងាយប្រមាណ ២៥ ម៉ាយល៍ (៤៦ គីឡូម៉ែត្រ) ភាគឦសាននៃទីក្រុង Khasab ប្រទេសអូម៉ង់។

UKMTO បានបញ្ជាក់ថា អគ្គិភ័យត្រូវបានពន្លត់ នាវិកទាំងអស់មានសុវត្ថិភាព ហើយគ្មានការបំពុលបរិស្ថានណាមួយត្រូវបានរាយការណ៍នោះទេ។ កប៉ាល់នោះបានបន្តដំណើរទៅកាន់កំពង់ផែបន្ទាប់របស់ខ្លួន។ នេះហាក់ដូចជាការវាយប្រហារដោយជោគជ័យលើកទី១ ដោយប្រើប្រាស់គ្រាប់មីនស្អិត (Limpet mines) លើនាវានៅច្រកសមុទ្រ Hormuz ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៦។

​ដោយឡែក មជ្ឈមណ្ឌលសន្តិសុខដែនសមុទ្រអូម៉ង់ បានរាយការណ៍កាលពីថ្ងៃសុក្រថា កងទ័ពជើងទឹកអូម៉ង់ បានជម្លៀសនាវិកចំនួន២៥នាក់ចេញពីកប៉ាល់ពាណិជ្ជកម្មពាក់ទង់ជាតិប៉ាណាម៉ា ដែលរងការវាយប្រហារនិងឆាបឆេះនៅចម្ងាយប្រហែល ១,៦ ម៉ាយល៍ ពីឆ្នេរសមុទ្រ Musandam។

​ទន្ទឹមនឹងនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ក៏មានសេចក្តីរាយការណ៍ពីការឆេះកប៉ាល់ចំនួន៤គ្រឿងផ្សេងទៀតផងដែរ ដោយកងឆ្មាំបដិវត្តន៍អះអាងថា ៣គ្រឿងបានបុកមីនក្នុងសមុទ្រ ខណៈយោធាអ៊ីរ៉ង់រាយការណ៍ពីការឆេះកប៉ាល់១គ្រឿងទៀត។ ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ ដែលអះអាងថា កប៉ាល់ទាំង៤នេះ បានធ្វើប្រតិបត្តិការក្នុងតំបន់ហាមឃាត់ និងគ្មានសុវត្ថិភាព។ មកទល់ពេលនេះ គេនៅមិនទាន់ច្បាស់ទេថា កប៉ាល់២គ្រឿងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃសុក្រ គឺជាកប៉ាល់ថ្មី ឬស្ថិតក្នុងចំណោមកប៉ាល់ដែលជួបហេតុការណ៍កាលពីថ្ងៃព្រហស្បតិ៍។

​ឧត្តមនាវីឯក Brad Cooper មេបញ្ជាការបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់សារជាថ្មីថា ខ្សែគន្លងនាវាចរណ៍សំខាន់ៗនៃច្រកសមុទ្រ Hormuz ត្រូវបានបោសសម្អាតមីនរបស់កងទ័ពជើងទឹកអ៊ីរ៉ង់រួចរាល់ហើយ។ លោកថែមទាំងអះអាងថា កងទ័ពជើងទឹកអ៊ីរ៉ង់ ត្រូវបានបំផ្លាញ ហើយកងឆ្មាំបដិវត្តន៍លែងមានប្រតិបត្តិការ នៅផ្លូវទឹកនេះទៀតហើយ។ លោកបានបញ្ជាក់ថា កងកម្លាំងអាមេរិកនៅតែបន្តឈរជើងក្នុងតំបន់ ដើម្បីរក្សាផ្លូវនាវាចរណ៍ធំៗឱ្យបើកចំហ និងមានសុវត្ថិភាព។ CENTCOM ក៏បានទាត់ចោលការអះអាងរបស់កងឆ្មាំបដិវត្តន៍កាលពីថ្ងៃព្រហស្បតិ៍ ដែលថាខ្លួនបានគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក (Drone) ប្រភេទ MQM-170 Outlaw របស់អាមេរិក នៅភាគខាងលិចច្រកសមុទ្រ Hormuz ផងដែរ។

​កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីទប់ស្កាត់ការកើនឡើងកម្តៅធ្ងន់ធ្ងរនៃសង្គ្រាមអាមេរិក-អ៊ីរ៉ង់ កំពុងបន្តស្របពេលដែលភាពតានតឹងផ្នែកយោធានៅច្រកសមុទ្រ Hormuz កំពុងកើនឡើង។ សារព័ត៌មាន CBS News បានរាយការណ៍ពីសញ្ញានៃវឌ្ឍនភាព ដោយរំពឹងថាអ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងសំណើកែសម្រួលពីអ្នកសម្របសម្រួលកាតានៅចុងសប្តាហ៍នេះ។ គោលដៅនៃការទូតនេះគឺដើម្បីទប់ស្កាត់ការបន្តការវាយប្រហារទ្រង់ទ្រាយធំរបស់អាមេរិកមកលើអ៊ីរ៉ង់ ដែលប្រធានាធិបតី Donald Trump តែងតែលើកឡើងជារឿយៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សារព័ត៌មាន Axios បានរាយការណ៍ថា អ្នកសម្របសម្រួលកាតា កំពុងស្វែងរកចំណុចរួមលើបញ្ហានានា រួមទាំងការត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបន្ធូរបន្ថយទណ្ឌកម្ម។ ទោះជាយ៉ាងណា ការខ្វែងគំនិតគ្នានៅតែបន្តមានជុំវិញលក្ខខណ្ឌសម្រាប់ការបើកការចរចាជាផ្លូវការ។ ប្រភពដដែលក៏បានបន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងពិចារណាលើជម្រើសវាយប្រហារយោធាទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា។

​លោក Trump បានថ្លែងប្រាប់ស្ថានីយ៍វិទ្យុមួយក្នុងទីក្រុង Kansas City កាលពីថ្ងៃសុក្រថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ “ក្នុងពេលឆាប់ៗនេះ” ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើការបញ្ចប់នេះនឹងកើតឡើងតាមរយៈកិច្ចព្រមព្រៀងការទូត ឬចំណាត់ការយោធានោះទេ។ លោកបានបញ្ជាក់ជំហរជាថ្មីថា ទីក្រុងវ៉ាស៊ីនតោនចង់បានការធានាថា អ៊ីរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ការលើកឡើងនេះកើតឡើងខណៈដែលមិនទាន់មានសញ្ញាច្បាស់លាស់ណាមួយដែលថា ទីក្រុងតេហេរ៉ង់និងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌបញ្ចប់សង្គ្រាមនៅឡើយ ខណៈលទ្ធភាពនៃការបន្តការវាយប្រហារយោធាទ្រង់ទ្រាយធំនៅតែជាជម្រើសដែលអាចកើតមានជានិច្ច។

ប្រែសម្រួល៖ គីរី

To Top