កាតាបង្ហាញភាព សុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ខណៈការផ្លាស់ប្តូរសំណើកំពុងដំណើរការយ៉ាងសកម្ម
បរទេស៖ ប្រទេសកាតាបានលើកឡើងថា ខ្លួនមើលឃើញក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ខណៈដែលអ្នកសម្របសម្រួលកំពុងបន្តផ្លាស់ប្តូរ សំណើគ្នាទៅវិញទៅមក បើទោះបីជាមានការវាយប្រហារថ្មីៗ ពីសំណាក់សហរដ្ឋអាមេរិក និងការគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលបន្តបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ក៏ដោយ។ កាតាបានបញ្ជាក់ថា ក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែមាន ខណៈអ្នកសម្របសម្រួលបាន ផ្លាស់ប្តូរសំណើគ្នាភ្លាមៗ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានមានប្រសាសន៍នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងដូហាថា៖ «ប្រសិនបើគ្មានក្តីសង្ឃឹមទេ នោះក៏គ្មានការចរចាដែរ»។
លោក Al Ansari បានឱ្យដឹងថា គណៈប្រតិភូកាតាបានជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់អស់រយៈពេលជាងបីម៉ោងកាលពីថ្ងៃចន្ទ មុនពេលធ្វើដំណើរត្រឡប់មកទីក្រុងដូហាវិញនៅល្ងាចថ្ងៃដដែលនោះ ហើយបច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កំពុងតែពិនិត្យមើលសំណើទាំងនោះ។
ទន្ទឹមនឹងនេះ ប្រទេសកាតាកំពុងធ្វើការឆ្ពោះទៅរកការបង្កើតកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលមានគោលបំណងកសាងទំនុកចិត្ត និងអនុញ្ញាតឱ្យភាគីទាំងពីរបង្ហាញថា ពួកគេនឹងអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ លោក Al Ansari បានបញ្ជាក់បន្ថែមថា៖ «ទំនុកចិត្តត្រូវបានកសាងឡើងតាមរយៈដំណើរការ មិនមែនតាមរយៈសកម្មភាពជាក់លាក់ណាមួយនោះទេ» ដោយលោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងបណ្តោះអាសន្ន អាចជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង។
សង្គ្រាមដែលកំពុងបន្តនេះ បានផ្ទុះឡើងដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ដែលជាលទ្ធផលបណ្តាលឱ្យមានការបិទច្រកសមុទ្រ Hormuz ដោយឡែកពីគ្នាពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនេះគឺជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតសម្រាប់ការនាំចេញប្រេង និងឧស្ម័ន។
លោក Al Ansari ក៏បានលើកឡើងផងដែរថា សេរីភាពនៃការធ្វើនាវាចរណ៍ គឺជាបញ្ហា «មិនអាចចរចាបានទេ» ដោយលោកបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការគំរាមកំហែងដល់កប៉ាល់នានារបស់ប្រទេសកាតា ឬកប៉ាល់របស់ប្រទេសដទៃទៀត។ លោកបានព្រមានថា ការវាយប្រហារលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងការកើនឡើងនៃភាពតានតឹងផ្នែកយោធាផ្សេងទៀត នឹងគំរាមកំហែងដល់តំបន់ទាំងមូល ហើយវានឹងជះឥទ្ធិពលដល់កិច្ចចរចាទាំងនេះ។
ប្រែសម្រួល៖ គីរី
